សហភាពសហជីពវិជ្ជាជីវៈកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ តុល្យភាពជីវិត-ការងារ គឺជាគន្លឹះនៃការងារសមរម្យ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២៦---
ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ដែលពិធីនេះត្រូវបានរៀបចំឡើងដោយសហភាពសហជីពវិជ្ជាជីវៈកម្ពុជា ក្រោមប្រធានបទ តុល្យភាពជីវិត-ការងារ គឺជាគន្លឹះនៃការងារសមរម្យ យ៉ាងរីករាយស្និទ្ធស្នាល នៅទីស្នាក់ការរបស់សហភាពសហជីពវិជ្ជាជីវៈកម្ពុជា។
មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីនាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិ ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុក្ខរបស់រាជរដ្ឋាភិបាលដែលបានរៀបចំទិវានេះតាំងពីឆ្នាំ១៩៧៩ រហូ តមក ដោយបានកំណត់យកប្រធានបទផ្សេងៗជាច្រើនផ្អែកតាមស្ថានភាពជាក់ស្តែងនៃឆ្នាំនីមួយៗ។ជាក់ស្តែង ដូចជាស្ថានភាពក្នុងឆ្នាំនេះ អត្ថន័យនៃប្រធានបទសម្រាប់ឆ្នាំ២០២៦ គឺ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ចំណែកឯសហជីពនានាវិញ ក៏តែងតែរៀបចំកំណត់នូវប្រធានបទទៅតាមការយល់ឃើញរៀងៗខ្លួន។

ឯកឧត្តមបានគូសបញ្ជាក់ថា ប្រធានបទនេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុចរបស់សម្តេចតេជោ និងអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចធិបតី ដែលក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវ:បាននិងកំពុងសហការអនុវត្តជាមួយគ្រប់ភាគីប្រកបដោយជោគជ័យ។


ឯកឧត្តមបានសម្តែងនូវការចាប់អា រម្មណ៍និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ និងសកម្មភាពការងាររបស់សហភាពសហជីពវិជ្ជាជីវៈកម្ពុជា ដែលលោក ឆឹង សារិទ្ធ ជាប្រធាន បានបង្ហាញជូនអង្គពិធីថា សហភាពសហជី ពដែលទើបបង្កើតថ្មីមកនេះ ចង់ចូលរួមក្នុងភាពជាដៃគូជាមួយក្រសួងប្រកបដោយវិជ្ជាជីវៈក្នុងការបំពេញកា រងារតំណាងឱ្យសំឡេងកម្មករនិយោជិត ក្នុងការបង្កើតនូវវប្បធម៌អនុលោមភាព សំដៅធានាឱ្យបាននូវសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់សម្រាប់ទាំងភាគីកម្មករនិយោជិត និងនិយោជក ដែលតួនាទីសំខាន់របស់សហជីពគឺធ្វើយ៉ាងណាជួយទាំងកម្មករនិយោជិត និងនិយោជក ឱ្យរីកចម្រើនដូចគ្នា រួមរស់ជាមួយគ្នា ប្រៀបបាន «ឆ្នាំងបាយរួម» ដែលជាការរួមចំណែកបង្កើតនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:។

ឯកឧត្តមក៏បានចាត់ទុកប្រធានបទដែលសហភាពបានកំណត់នេះថា គឺពិតជាស្របទៅនឹងគោលដៅរួម សំដៅឆ្ពោះទៅរក «ការងារសមរម្យ» ដែលជាការចង់បានពីគ្រប់ភាគីទាំងអស់ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ វិបត្តិនៃសង្គ្រាម គ្រោះធម្មជាតិជាដើម។ ក្នុងស្មារតីនៃទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ ឯកឧត្តមបានផ្តល់អនុសា សន៍ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តកិច្ចស ហការគ្នាដោយស្មោះត្រង់ ដើម្បីជាផលប្រយោ ជន៍រួម និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

ជាចុងក្រោយ ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបានបញ្ជាក់សាជាថ្មីថា ក្រសួងតែងតែចាត់ទុកសហជីពជាដៃគូដ៏សំខាន់ និងត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីការពារសិទ្ធិប្រយោជន៍ស្របច្បាប់ និងសម្រេចឱ្យបាននូវគោលដៅ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលជាមហិច្ឆតារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ ក្រសួងការងារ





