មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ជប៉ុន ជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានជួបពិភ្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ARAI MASAYOSHI មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន តាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ជប៉ុន។

ការពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងគោក តាមរយៈការបណ្តុះបណ្តាល ការកសាងសមត្ថភាព ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការការងារបញ្ជូនសារ។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ និងលើកកម្ពស់ភាពជាដៃគូឲ្យកាន់តែរឹងមាំ។


ដោយ៖ សំ សាម៉ាន, ប្រភព៖ បញ្ជាការកងទ័ពជើងគោក





