អភិបាលរងខេត្តបន្ទាយមានជ័យ នាំយកទឹកចិត្តសមរភូមិក្រោយ ជូនវីរកងទ័ពជួរមុខទិសប៉ោយប៉ែត ដើម្បីពង្រឹងស្មារតីការពារបូរណភាពទឹកដី
AKPបន្ទាយមានជ័យ ថ្ងៃទី២៤ ខែ មេសាឆ្នាំ២០២៦--ក្នុងស្មារតី សាមគ្គីភាពរវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលជាវប្បធម៌ចែករំលែកមិនអាចខ្វះបាន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នឹះលោក កែ សួន សុភាពអភិបាលរងខេត្តជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តបន្ទាយមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនា យករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកា ជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅទិសប៉ោយប៉ែត។

អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានទទួលដោយ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅមេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ បន្ទាយមានជ័យ ក្នុងបរិយាកាសពោរពេញដោយភាពស្និទ្ធស្នាល និងមោទនភាពជាតិ។

នៅក្នុងឱកាសនោះ លោក កែ សួន សុភាពបានពាំនាំនូវប្រសាសន៍សួរ សុខទុក្ខ និងការនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ជូនចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់។

លោកបានសង្កត់ធ្ងន់ថារាល់ដង្ហើមចេញចូលនៃសុខសន្តិភាព និងការអភិវឌ្ឍដែលយើងមាននៅសមរភូមិក្រោយ គឺបានមកពីការលះបង់សាច់ស្រស់ឈាមស្រស់ និងការស៊ូទ្រាំនឹងការលំបាកគ្រប់បែបយ៉ាងរបស់បងប្អូនវីរកងទ័ពនៅជួរមុខ។ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងនៅតែបន្តឈរជាមួយបងប្អូនជានិច្ច ដើម្បីបង្ហាញថាអ្នកការពារព្រំដែនមិនឯកានោះឡើយ។
លោកបានបន្ថែមថា សកម្មភាពនាថ្ងៃនេះ មិនមែនគ្រាន់តែជាការប្រគល់សម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ញើនូវ "កម្លាំងចិត្តដែកថែប" ពីយុវជនកម្ពុជា ទៅកាន់សមរភូមិមុខ ដើម្បីពង្រឹងសតិអារម្មណ៍ និងមនសិការស្នេហាជាតិ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានសម្ដែងនូវក្តីរំភើប និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ថ្នាក់ដឹកនាំ ស.ស.យ.ក។
លោកឧត្តមសេនីយ៍ទោ បានមានប្រសាស ន៍ថាការចុះមកសួរសុខទុក្ខដល់បន្ទាយ និងការនាំយកអំណោយដ៏ច្រើនសន្ធឹកសន្ធាប់នាពេលនេះ គឺជាការលើកទឹកចិត្តយ៉ាងធំធេងដល់កងកម្លាំងទាំងអស់។ វាបានធ្វើឱ្យយើងខ្ញុំកាន់តែមានជំនឿចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារបូរណភាពទឹកដី ព្រោះយើងដឹងថាមានថ្នាក់ដឹកនាំ និងយុវជនជំនាន់ក្រោយជានិច្ចកាលតែងតែគិតគូរ និងនៅក្បែរយើងខ្ញុំគ្រប់កាលៈទេសៈ។
លោកឧត្តមសេនីយ៍ទោបានសន្យាថា កងកម្លាំងទិសទី១ បន្ទាយមានជ័យ នឹងប្រើប្រាស់អំណោយទាំងនេះឱ្យចំគោលដៅ និងបន្តបំពេញភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឥស្សរជនសំខាន់ៗ រួមមានឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ, ឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក ជាច្រើនរូបទៀត។
សម្ភារៈដែលបានប្រគល់ជូនរួមមានទឹកសុទ្ធ ៤០០យួរ និងទឹកសណ្ដែកយ៉ូស ១០០កេស, ស៊ីទែនទឹកចំណុះ ១០០០លីត្រ ចំនួន ៣ស៊ីទែន, មី ៣០កេស និងតង់ ២០តង់, ប៉ាតតេ ៣កេស (២១៦កំប៉ុង) និងកាហ្វេយ៉ូស ១០កញ្ចប់ធំ,សត្វគោ ១ក្បាល និងជ្រូក ២ក្បាល ព្រមទាំងថវិកាមួយចំនួនសម្រាប់ជួយសម្រួលដល់ការរស់នៅរបស់កងទ័ព។
សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសាមគ្គីភាពរវាងស្ថាប័នរដ្ឋ យុវជន និងកងកម្លាំងប្រដាប់អាវុធ ដែលជាគ្រឹះដ៏រឹងមាំក្នុងការរក្សាសន្តិសុខ និងស្ថិរភាពតាមបណ្ដោយព្រំដែនកម្ពុជា៕
ដោយ ៖ឈុនសារ៉ាត





