ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញបិទសិក្ខាសាលា បច្ចេកទេសក្នុងការតាមដាន និងប្រមូលទិន្នន័យតាមរយៈផ្កាយរណប
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦—ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប” ដោយមានការអញ្ជើញចូលរួមពី លោក Awais Ahmed នាយកប្រតិបត្តិនៃក្រុមហ៊ុន Pixxel Space Technologies Inc ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក.ប.ទ. និងមន្ទីរ ប.ទ. តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សាស្រ្តាចារ្យ និងនិស្សិត សរុបប្រមាណ ២១០នាក់ នៅទីស្តីការ ក.ប.ទ.។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ក្រសួងតែងគិតគូរជាអាទិភាពលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញលើជំនាញផ្កាយរណបនិងលម្ហអាកាស ដោយបានចាត់មន្រ្តីជំនាញទៅធ្វើទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប ឬស្ថាប័នបណ្តុះបណ្តាល និងចូលរួមវគ្គបណ្តុះបណ្តាលនានា លើផ្នែកផ្កាយរណបនិងលំហអាកាស។ ហើយនៅពេលខាងមុខ ក្រសួងនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ឱ្យនិស្សិតសិក្សាជំនាញទូរគមនាគមន៍ ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗពាក់ព័ន្ធនឹង បច្ចេកវិទ្យាផ្កាយរណប (Satellite-related Courses) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ។ ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗ សម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម យើងក៏ត្រូវគិតគូរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយឯងក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ ក្រសួងកំពុងសិក្សាអំពីឧត្តមានុវត្តនៃការបង្កើតអង្គភាពទទួលបន្ទុកគ្រប់គ្រងលំហអាកាសជាតិមួយ ដើម្បីសម្របសម្រួលការងារពាក់ព័ន្ធនឹងលំហអាកាស។

សូមជម្រាបជូនថា សិក្ខាសាលាក្នុងថ្ងៃនេះ មានគោលបំណងចែករំលែកបទពិសោធពីសំណាក់អ្នកជំនាញ នៃក្រុមហ៊ុន Pixxel Space Technologies Inc ដល់មន្រ្តីរាជការ បុគ្គលិក នៃ ក.ប.ទ. ក្រសួង ស្ថាប័ន សាស្រ្តាចារ្យ និងនិស្សិត ពាក់ព័ន្ធនឹងស្ថានភាពនៃវិស័យលំហអាកាសនៅកម្ពុជា មូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្កាយរណបសង្កេតផែនដី (Eath Observation) និងផ្កាយរណបផ្តិតរូបភាព (Remote Sensing Satellite) រហូតដល់ការវិភាគរូបភាពពីផ្កាយរណប Hyperspectral ៕


ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





