កិច្ចប្រជុំឆ្លុះបញ្ចាំងស្ដីពីការអនុវត្តសក ម្មភាពគម្រោងកាត់បន្ថយហានិភ័យ ជំងឺមិន ឆ្លងនៅកម្ពុជា
AKPកំពង់ធំថ្ងៃទី២៤ខែមេសាឆ្នាំ២០២៦--ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងស្ដីពីការអនុវត្តសកម្មភាពគម្រោងកាត់បន្ថយហានិភ័យ ជំងឺមិនឆ្លងនៅកម្ពុជាកាលពីរសៀលថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំ ពង់ធំដោយមានការអញ្ជើញចូលរួមពីលោក អ៊ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ លោក ហ៊ុន វណ្ណារី នាយកកម្មវិធីអង្គការហេលែន ខេលល័រអន្តរជាតិ លោកស្រីក្រុមការងារនាយកដ្ឋានសុខភាពសិក្សា និងក្រុមការងារមូលនិធិជំងឺទឹកនោម ផ្អែមពិភពលោក និងអង្គការហេលែន ខេលល័រអន្តរជាតិនិងលោកនាយកសាលា៤០នាក់។

លោក ហ៊ុន វណ្ណារី នាយកកម្មវិធីអង្គការហេលែន ខេលល័រអន្តរជាតិ បានបញ្ជាក់ថាសម្រាប់ខេត្តកំពង់ធំយើងបានអនុវត្តនៅ៣ស្រុកគោលដៅលើ៤០សាលាប ឋមសិក្សា ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងពីប្រភេទជំងឺមិនឆ្លងនានានៅកម្ពុជា ពិសេសជំងឺទឹកនោមផ្អែមពីផលប៉ះពាល់និងវិធានការការពារ ព្រមទាំងធ្វើយ៉ាងណាឱ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធដើម្បីកំណត់ប្រភេទអាហារផ្ដល់ផលល្អសម្រាប់សុខភាពនិងអាហារប៉ះពាល់សុខភាព ដើម្បីផលិតបដាប្រភេទអាហារសុខភាពដែលសម្រេចជាផ្លូវការឱ្យលក់និងអនុ ញ្ញាតឱ្យសិស្សទទួលទានក្នុងសាលារៀន។

លោក អ៊ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំបានលើកឡើងពីការរៀបចំនិងបង្កើតឱ្យមានក្រុមប្រឹក្សាកុមារនិងយុវជន យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធជាតិកម្ពុជា ដើម្បីចូលរួមបម្រើដល់ការងារសង្គម។ ពង្រឹងលើការងារអប់រំក្រៅប្រព័ន្ធតាមរយៈការអនុវត្តកម្មវិធីថ្នាក់ចូលរៀនឡើងវិញពីកម្មវិធីសមមូលបឋមសិក្សា កម្មវិធីអក្ខរកម្ម កម្មវិធីបង្កើនប្រាក់ចំណូល កម្មវិធីក្រោយអក្ខរកម្មនិងកម្មវិធីបំពេញវិជ្ជា។

ជាមួយគ្នានេះមន្ទីរក៏បានពង្រឹងនិងជំរុញលើការងារអប់រំកាយ និងកីឡាដោយបានរៀបចំ និងចូលរួមក្នុងការប្រកួតកីឡានានា។ការរៀបចំឱ្យមានទីលានសម្រាប់លេងកីឡាជាច្រើនប្រភេទព្រមទាំងផ្សព្វផ្សាយនិងលើកទឹកចិត្ត ដល់មហាជនឱ្យចូលរួមលេងកីឡា និងហាត់ប្រាណដើម្បីសុខភាពស្របតាមពាក្យស្លោក"ប្រជាជនម្នាក់ លេងកីឡាឱ្យបានមួយប្រភេទកីឡា"។

ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិបានបញ្ជាក់ថា កិច្ចប្រជុំឆ្លុះបញ្ចាំងការអនុវត្តសកម្មភាពគម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លងជាមួយលោក លោកស្រីនាយក នាយិកាសាលារៀនគោលដៅទាំង៤០នាពេលនេះ ពិតជាមានសារៈ សំខាន់ ដើម្បីបានបង្ហាញពីវឌ្ឍនភាពសំខាន់ៗ ដែលសាលារៀនបានសហការជាមួយអង្គការហេឡែន ខែលល័រអន្តរជាតិ ក្នុងការលើកកម្ពស់សុខុមាលភាពដល់កុមារ បញ្ហាប្រឈមក្នុងការអនុវត្តសកម្មភាពនិងទិសដៅបន្តជាពិសេសពីផែនការត្រៀមនៅពេល គម្រោងសកម្មភាពរបស់អង្គការត្រូវបានបញ្ចប់។
ជាមួយគ្នានេះដែរឯកឧត្តមវេជ្ជបណ្ឌិតបានលើកឡើងពីស្ថានភាពជំងឺដែលកំពុងកើនឡើងយ៉ាងច្រើននៅកម្ពុជា គឺជំងឺមិនឆ្លង មានជំងឺបេះដូង ជំងឺលើសម្ពាធឈាម ពិសេសជំងឺទឹកនោមផ្អែម វាបានកើតឡើងពេលរាងកាយមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ។ ជំងឺមហារីក មានប្រភេទជាច្រើនគឺ(មហារីកសួត មហារីកថ្លើម មហារីកសុដន់ និងមហារីកមាត់ស្បូន)។ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺសួតរ៉ាំរ៉ៃ និងហឺត ដែលពាក់ព័ន្ធនឹងការជក់បារី និងការបំពុលខ្យល់។ជំងឺធាត់លើសទម្ងន់ជាហានិភ័យធំសម្រាប់ជំងឺផ្សេងៗ ទឹកនោមផ្អែមនិងជំងឺបេះដូង។
ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡាបានជំរុញនិងលើកទឹកចិត្តដល់ លោកនាយកសាលា លោកគ្រូអ្នកគ្រូនិងអ្នកពាក់ព័ន្ធបានយល់ដឹងកាន់តែច្បាស់ ពីហានិភ័យនៃជំងឺមិនឆ្លង និងចូលរួមទប់ស្កាត់បានកាន់តែប្រសើរឡើងថែមទៀត។
សហគមន៍ចូលរួមក្នុងការតាំងពិព័ណ៌សាលារៀនយ៉ាងផុលផុស និងប្រកប ដោយមោទនភាពគ្រប់អ្នកពាក់ព័ន្ធ មានការចូលរួមនិងប្តេជ្ញាចិត្តខ្ពស់ក្នុងការអប់រំទប់ស្កាត់លើសុវត្ថិភាពចំណីអាហារនៅតាមសាលារៀន។ ប្រជាពលរដ្ឋចូលរួមធ្វើលំហាត់ប្រាណរួមគ្នា ប្រកបដោយភាពសប្បាយរីករាយ និងចូលរួមធ្វើតេស្តជាតិស្ករ វាស់សម្ពាធឈាមនិងទទួលការប្រឹក្សាពីលោកគ្រូពេទ្យមកពីមណ្ឌ លសុខភាព។ មានកិច្ចសហការល្អពីរវាងម្ចាស់គម្រោងនិងថ្នាក់មន្ទីរ ថ្នាក់ការិយាល័យ មណ្ឌលសុខភាព អាជ្ញាធរនិងប្រជាពលរដ្ឋ កែប្រែបរិស្ថានសាលារៀនដោយគិតពីផាសុខភាពនិងសុវត្ថិភាព៕
ដោយ៖ ស៊ុម វណ្ណា





