ក្រសួងការពារជាតិដណ្តើមបានជើងឯកការប្រកួតកីឡាវាយកូនបាល់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦--កីឡាករ-កីឡាការិនីវាយកូនបាល់ក្រសួងការពារជាតិដណ្តើមបានជើងឯក នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នៅថ្ងៃត្រង់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់ពហុកីឡដ្ឋានជាតិអូឡាំពិក។

មន្ត្រីបច្ចេកទេសសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបង្ហាញលទ្ធផលថា ក្រសួងការពារជាតិ ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសមាគម-ក្លឹបចូលរួមទាំងអស់នេះ គឺទទួលបានមេដាយមាស ២គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង, ក្រសួងមហាផ្ទៃទទួលបានមេដាយមាស២គ្រឿង មេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ ១គ្រឿង, ខេត្តបាត់ដំបង ទទួលបានមេដាយប្រាក់១គ្រឿង ខេត្តព្រះវិហារ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង។

ក្នុងឱកាសពិធីបំពាក់មេដាយជូនដល់ជ័យលាភីបិទការប្រកួតជាផ្លូវការនៃកីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នេះទទួលបានផ្តល់កិត្តិយសពីលោកជំទាវ ស៊ុ សុខា អនុប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងលោក ទុយ វិច្ឆិកា ប្រធានការិយាល័យជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា។

លោក ជា ពៅ នាយករៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតនេះមានកីឡាករ-កីឡាការិនីចូលរួមសរុប ៦២នាក់ (កីឡាការិនី ១២នាក់) និងប្រតិភូចំនួន ១៨ នាក់មក ៩ សមាគម-ក្លឹប។ ការប្រកួតឆ្នាំនេះមាន ៥វិញ្ញាសា ដូចជាវិញ្ញាសាវាយឯកត្តជនបុរស វាយឯកត្តជននារី វាយគូបុរស វាយយុវជនអាយុក្រោម១៨ឆ្នាំ និងវិញ្ញាសាវាយចម្រុះ ដោយប្រើប្រាស់កញ្ចប់ថវិកាគាំទ្រពន្លឿនផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

ដោយ ហេង ណាលីន (រូបភាព៖ យឹម សុវឌ្ឍនា)





