ក្លឹបបាល់ទាត់វិខាសាទទួលបានដៃគូសហការឧបត្ថម្ភថ្មី ក្នុងការរួមចំណែកអភិវឌ្ឍន៍ក្លឹប និងបាល់ទាត់ជាតិ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦--ក្លឹបកីឡាបាល់ទាត់ វិសាខា បានទទួលដៃគូសហការថ្មីមួយទៀតពីហាង Baray Coffee & Bakery ចាប់ពីឆ្នាំ២០២៦ តទៅ តាមរយៈពិធីចុះអនុស្សារណៈយោគយល់គ្នាលើកិច្ចសហការនេះ ធ្វើឡើងកាលពីថ្មីៗ នៅកីឡដ្ឋានវិសាខា រវាងកញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លឹប វិសាខា និងកញ្ញា ជា មករា នាយិកាហាង Baray Coffee ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីលោក សូរ មុនីរតន៍ អនុប្រធានក្លឹប ព្រមទាំងក្រុមការងារគ្រូ កីឡាករ-កីឡាការិនី។

កញ្ញា អ៊ូ បញ្ញាសុកិត្យា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្ដមាន Baray Coffee ក្នុងការរួមចំណែកគាំទ្រដល់ការអភិវឌ្ឍក្លឹប ក៏ដូចជាវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ផ្ដើមពីការតស៊ូ និងការខិតខំប្រឹងប្រែងរបស់ម្ចាស់ហាង ដែលជាស្ដ្រីវ័យក្មេងមួយរូប ក្នុងការបង្កើតម៉ាកយីហោផ្ទាល់ខ្លួន នៅខេត្តព្រៃវែង ក្រោយពីបានជួបពិភាក្សាគ្នា ក្លឹបពិតជារីករាយក្នុងចាប់ដៃសហការគ្នា ទោះបីការឧបត្ថម្ភតិចក្ដី ឬច្រើនក្ដី តែជាការរួមចំណែករបស់វិស័យឯកជន ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជា។

អគ្គនាយិកាក្លឹបបន្ដថា «ក្នុងនាមក្លឹបមួយ ដើម្បីទ្រទ្រង់ក្លឹប យើងតែងព្យាយាមរកដៃគូឧបត្ថម្ភថ្មីៗ។ អ៊ីចឹងបានគាត់(Baray Coffee) មករួមចំណែកជួយយើង ទោះជាគាត់ឧបត្ថម្ភជាលក្ខណៈ In Kind មែន តែក៏ជាអ្វីដែលយើងត្រូវការរាល់ថ្ងៃ។ គាត់ផ្គត់ផ្គង់លើភេសជ្ជៈនានា ព្រមទាំងភេសជ្ជៈសុខភាព ដូចជាទឹកផ្លែឈើស្រស់ជាដើម។ ទាំងអស់នេះ ពិតបានលើកកម្ពស់សុខភាពមួយកម្រិតដល់កីឡាករ-កីឡាការិនី ដែលយើងត្រូវការ ឬពេលក្លឹបមានកម្មវិធីផ្សេងៗ គាត់ក៏អាចជួយផ្គត់ផ្គង់ដល់ពួកយើងផងដែរ»។

ជាមួយគ្នានេះ ក្នុងនាមអ្នកគាំទ្រវិសាខាមួយរូប កញ្ញា ជា មករា បានបង្ហាញនូវមោទនភាព ដែលបានក្លាយជាដៃគូ និងរួមចំណែកឧបត្ថម្ភគាំទ្រក្លឹប។ កញ្ញាថា វិសាខា គឺជាក្លឹបស្ដង់ដារ ដែលមានរចនាសម្ព័ន្ធដ៏ទំនើបជាច្រើន ពិសេសមានថ្នាក់ដឹកនាំល្អ ក្រុមការងារល្អ រួមទាំងកីឡាករ-កីឡាការិនីរហូតសម្រេចបានសមិទ្ធផលជាច្រើន។ ដូច្នេះនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ Baray Coffee ក្នុងការចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ។ បន្ថែមលើនេះ Baray Coffee ក៏ត្រៀមខ្លួនរួចរាល់ ក្នុងការគាំទ្រដល់គម្រោងបង្កើតសាលាបាល់ទាត់វិសាខា នៅស្រុកកំចាយមា ខេត្តព្រៃវែង ក្នុងការផ្សព្វផ្សាយឱ្យកុមារ និងយុវជនក្នុងស្រុក ត្រៀមចូលរួមហ្វឹកហាត់ ដើម្បីអាចឈានទៅសម្រេចក្ដីស្រម៉ៃ ក្លាយជាកីឡាករអាជីព នាថ្ងៃអនាគត៕
ដោយ ហេង ណាលីន (រូបភាព៖ ក្លឹបវិសាខា)





