សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ពេញចិត្ត និងគាំទ្រចំពោះការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងស្លូវ៉ាគី ទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត និងគាំទ្រចំពោះការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងស្លូវ៉ាគី ទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលសម្ដេចបានចាត់ទុកចំណុចទាំងនេះ គឺជាចំណុចស្នូលនៃទំនាក់ទំនងក្រៅតែពីការទូត និងនយោបាយនោះ។ នេះបើតាមការឱ្យរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Alexander Micovcin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស្លូវ៉ាគី តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនសារតាំង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្ដមឯកអគ្គរដ្ឋទូត ដែលបានទទួលនូវការតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានបង្ហាញនូវសេចក្ដីសង្ឃឹមថា ក្នុងអាណត្តិនៃឯកឧត្ដមឯកអគ្គរដ្ឋទូតថ្មីនេះ នឹងពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងឱកាសនៃខួប៧០ឆ្នាំ ដែលប្រទេសទាំងពីរ នឹងឈានមកដល់នៅឆ្នាំក្រោយ ដែលសម្ដេចតេជោសង្ឃឹមថា នឹងរៀបចំអបអរសាទរដើម្បីពង្រឹងនូវទំនាក់ទំនងកម្ពុជា និងស្លូវ៉ាគីឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានេះ ឯកឧត្តម Alexander Micovcin បានសម្ដែងនូវការអរគុណជាពន្លឹកចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្ដមបានជួបសម្ដែងការគួរសម និងប្រគល់សារតាំង។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្ដេចតេជោថា បេសកកម្មការទូតនៅកម្ពុជានាពេលនេះ គឺដើម្បីលើកកម្ពស់នូវទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងស្លូវ៉ាគី ដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ឯកឧត្ដមឯកអគ្គរដ្ឋទូតថ្មីស្លូវ៉ាគី ក៏បានថ្លែសង្កត់ធ្ងន់ ទៅលើទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ធុរកិច្ច និងការវិនិយោគ ដែលជាចំណុចស្នូល ដែលឯកឧត្ដមចង់ពង្រីកនៅក្នុងអាណត្តិរបស់ឯកឧត្ដម។

ក្នុងឱកាសនោះ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ក៏បានសម្ដែងនូវការពេញចិត្ត និងគាំទ្រចំពោះការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងស្លូវ៉ាគី ទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលសម្ដេចបានចាត់ទុកចំណុចទាំងនេះ គឺជាចំណុចស្នូលនៃទំនាក់ទំនងក្រៅតែពីការទូតនិងនយោបាយ។ សម្ដេចតេជោ ក៏បានកោតសរសើរក្រសួងការបរទេសនៃប្រទេសទាំងពីរកន្លងមក ដែលរដ្ឋាភិបាលតែងតែជជែកគ្នា ជាពិសេស ការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិរវាងកម្ពុជានិងស្លូវ៉ាគី និងការពង្រីកទំនាក់ទំនងនយោបាយការទូតផងដែរ៕
ដោយ៖ ជឹម ណារី





