ក្រុមជម្រើសជាតិជាង៦០០នាក់គ្រោងចាប់ផ្ដើមការប្រមូលផ្ដុំហ្វឹកហាត់ ចាប់ពីថ្ងៃទី០១ ខែមេសា តទៅ ត្រៀមប្រកួតអន្តរជាតិនានា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦--ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាជាង ៦០០នាក់ ទាំងឈុតថ្នាល និងឈុតធំគ្រោងនឹងចាប់ផ្ដើមការប្រមូលផ្ដុំហ្វឹកហាត់ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ខែតុលា ឆ្នាំ២០២៦សម្រាប់ត្រៀមចូលរួមប្រកួតអន្តរជាតិនានា ក្នុងឆ្នាំ២០២៦នេះ។

នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្រោយកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្ដម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា តាមគោលការណ៍ និងអនុសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺការប្រមូលផ្ដុំត្រូវមានគោលដៅ គោលការណ៍ និងផែនការដឹកនាំច្បាស់លាស់ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាជាតិទាំងអស់នោះ។ ដូច្នេះកិច្ចប្រជុំថ្ងៃនេះ យើងពិនិត្យលើចំនួននៃការប្រមូលផ្ដុំឱ្យមានសមភាពទៅនឹងលទ្ធភាពនៃកញ្ចប់ថវិកាដែលក្រសួងអប់រំ យុវជន និងកីឡា បានទទួល និងផ្ដល់ទៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាសម្រាប់ឆ្នាំ២០២៦។ ឆ្នាំនេះយើងនៅតែរក្សាបានការប្រមូលផ្ដុំជាង៦០០នាក់ទាំងក្រុមថ្នាល និងក្រុមធំ ក៏ដូចជាប៉ារ៉ាឡាំពិកផងដែរ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍កីឡាជាច្រើន ជាពិសេសការប្រកួតកីឡាអាស៊ី (ASIAN Games) នៅប្រទេសជប៉ុន ដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ។ ក្រៅពីនេះក៏មានការប្រកួតកីឡាឆ្នេរខ្សាច់ កីឡាក្នុងសាល ជើងឯកពិភពលោកផ្សេងៗទៀតរបស់សហព័ន្ធ។ ក្នុងនោះសហព័ន្ធត្រូវធ្វើផែនការ និងរបៀបរបប ក៏ដូចជាសូចនាករក្នុងការវាយតម្លៃគុណភាពគ្រប់គ្រង និងបច្ចេកទេសរបស់ខ្លួន។

ឯកឧត្ដមបញ្ជាក់បន្ថែមថា គោលដៅនៃការចូលរួមព្រឹត្តិការណ៍ឆ្នាំនេះ គឺកីឡាអាស៊ី (Asian Games) នៅប្រទេសជប៉ុន និងព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាននៅឆ្នាំ២០២៦ នៅប្រទេសម៉ាឡេសុី ក៏ដូចជាឆ្នាំ ២០២៨ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ។ ក្នុងពេលជាមួយគ្នានេះ សហព័ន្ធត្រូវត្រៀមសំខាន់មួយទៀត គឺការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ នៅកម្ពុជាផងដែរ។
ឯកឧត្ដម វ៉ាត់ ចំរើន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តការគាំទ្រយ៉ាងពេញទំហឹងចំពោះវិស័យកីឡា ជាពិសេសការផ្ដល់នូវការឧបត្ថម្ភលើការប្រមូលផ្ដុំ។ នេះបានបង្ហាញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យទាំងអស់ រួមទាំងវិស័យកីឡា។ ដូច្នេះ អ្នកជំនាញទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យស័ក្តិសមទៅនឹងការគាំទ្រពីរាជរដ្ឋាភិបាល៕
ដោយ ហេង ណាលីន (រូបភាព៖ NOCC)





