មន្ត្រីជាន់ខ្ពស់ក្រសួងផែនការផ្តល់មូលដ្ឋានគ្រឹះ៥ចំណុចសំខាន់ពាក់ព័ន្ធនិងការងារស្ថិតិ
AKPកំពង់ធំថ្ងៃទី១៩ខែមីនាឆ្នាំ២០២៦--ឯកឧត្តម ទ្រី ឬទ្ធា ប្រធាននាយកដ្ឋានជាតិស្ថិតិនៃក្រសួងផែនការបាន ផ្តល់មូលដ្ឋានគ្រឹះ៥ចំណុចសំខាន់ពាក់ព័ន្ធនិងការងារស្ថិតិហើយ ជំរុញឱ្យលោកលោកស្រីជាសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

ឯកឧត្តមបានជំរុញដូចនេះក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី មូលដ្ឋានគ្រឹះស្ថិតិអនុវត្តន៍ថ្នាក់ក្រោមជាតិនៅមន្ទីរផែនការខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមទ្រី ឬទ្ធាមានប្រសាសន៍ថាការងារស្ថិតិជាកិច្ចការដែលមានសារៈសំខាន់បំផុតនិងស្មុគស្មាញព្រោះវាជាវិទ្យាសាស្ត្រពិតដែលតម្រូវឱ្យតំណាងមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវតែមានវត្តមានជាចាំបាច់។

ឯកឧត្តមបានលើកឡើងថាស្ថិតិមិនមែនទើបតែចាប់ផ្តើមមានក្នុងបច្ចុប្បន្ននេះទេបានចាប់កំណើតដំបូង នៅសម័យក្រិចបុរាណតាំងពី៣០០០ ឆ្នាំមុនដែលសម័យនោះគេទាមទារការកែនកំលាំងនិងការប្រមូលពន្ធ ហើយបន្តមកគឺប្រទេសចិនក្នុងរាជវង្សហាន ដែលបានអនុវត្តន៍ការងារស្ថិតិនេះនឹងបានបន្តរហូតមកដល់សម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ននេះ។

ឯកឧត្តមបន្តថាដោយសារយុគសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទាមទានូវចំណេះដឹង វិទ្យាសាស្ត្រស្ថិតិច្បាស់លាស់ក្នុងការវាយតម្លៃ ការព្យាករណ៍ការធ្វើសុចនាគដែលជាការងារស្នូលសម្រាប់មន្ទីរជំនាញពាក់ព័ន្ធត្រូវតែយល់ដឹង។ កន្លងមករាល់ទិន្នន័យទាំងអស់ ទាំងទិន្នន័យថ្នាក់ជាតិ ទិន្នន័យថ្នាក់ខេត្ត គឺក្រសួងជាអ្នករៀបចំ តែងឥឡូវមន្រ្តីអង្គភាពជំនាញត្រូវតែមានទិន្នន័យនេះសំរាប់តាមដាន ក្នុងមន្ទីរសាម៉ី ដែលកន្លងមកដៃគូពាក់ព័ន្ធ ក្រុមហ៊ុនវិនិយោគទុនផ្សេងៗ គេត្រូវការទិន្នន័យនេះជាចាំបាច់។
ជាមួយគ្នានោះដែរឯកឧត្តម បានរំលេចនូវមូលដ្ឋានគ្រឹះនៃស្ថិតិអនុវត្តន៍មាន៥ចំុចសំខាន់ៗ ដល់សិក្ខាកាមទាំងអស់ត្រូវតែចេះ៖
១.ចំណេះដឹងទិន្នន័យ និងការប្រមូលទិន្នន័យ។២. ជំនាញស្ថិតិពិពណ៌នា។៣.ការយល់ដឹងពីប្រូបាបពីលីតេ និងការចែកចាយ។៤.ជំនាញស្ថិតិសន្និដ្ឋាន និង៥.ជំនាញគិតបែបវិភាគនិងអនុវត្តន៍ ដែលចំនុចសំខាន់ទាំងនេះជាស្នូលសម្រាប់យើងទាំងអស់គ្នាក្នុងការវិភាគវាយតម្លៃ ការចងក្រង ការគណនាទិន្នន័យតួលេខនិងភាពត្រឹមត្រូវ។
ឯកឧត្តមបន្តទៀតថាកិច្ចការស្ថិតិបានផ្តល់អត្ថប្រយោជន៍ទូលំទូលាយដល់ការសិក្សា និងឱកាសវិភាគ ការត្រិះរិះពិចារណា ការរស់នៅ ជីវភាពប្រចាំថ្ងៃ និងការយល់ដឹងពីពិភពលោកទាំងមូល ហើយទិន្នន័យនេះនឹងបង្ហាញជូនទៅអង្គការសហប្រជាជាតិពីចំនួនប្រជាជន ចំណូលចំណាយ សេដ្ឋកិច្ច បរិស្ថាន ការប្រែប្រួលនានា។
ដូច្នេះដើម្បីសម្រេចឱ្យបាននូវគោលដៅ ការប្រមូលទិន្នន័យជាក់លាក់ ត្រឹមត្រូវ ល្អិតល្អន់ ច្បាស់លាស់លាស់ ការងារស្ថិតិជាកិច្ចការដែលមិនអាចខ្វះបាន។
ឯកឧត្តមទ្រី ឬទ្ធាប្រធាននាយកដ្ឋានជាតិស្ថិតិនៃក្រសួងផែនការសូមថ្លែងអំណរគុណដល់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលបានពង្រឹងសមត្ថភាពដល់វិទ្យាស្ថានស្ថិតិ ដែលជាចលករយ៉ាងសំខាន់ ក្នុងការស្រាវជ្រាវ ប្រមូល វិភាគ ចងក្រងនិងបោះពុម្ពផ្សព្វផ្សាយនិងថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីដែលបានជួយគាំទ្រដល់វិទ្យាស្ថានស្ថិតិ ក្នុងការសម្របសម្រួលនិងចែករំលែក ដល់មន្ត្រីថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញដើម្បីចងក្រងទិន្នន័យ ស្ថិតិប្រកបដោយសុក្រឹត្យភាព ហើយសង្ឃឹមថាវគ្គបណ្តុះបណ្តាលរយៈពេល៣ ថ្ងៃនេះនឹងទទួលបានផ្លែផ្កាជាវិជ្ជមានសម្រាប់អង្គភាពក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ ស៊ុម វណ្ណា





