ស្នងការនគបាលខេត្តកំពង់ធំចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទដែលជួបការលំបាកឬមានជំងឺឈឺថ្កាត់
AKPកំពង់ធំថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៦--លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី១៨ខែមីនាឆ្នាំ២០២៦បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋានចំនួន០៤គ្រួសារគឺ÷១.លោកវរសេនីយ៍ឯក សៀក បាន នាយការិយាល័យសុខាភិបាល"គ្រោះថ្នាក់ចរាចរណ៍"។២.លោកវរសេនីយ៍ឯក ចាក ច័ន្ទរ៉េត នាយការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ មានជំងឺទឹកនោមផ្អែម។៣.លោកវរសេនីយ៍ឯក ថោង ខេមរ៉េតនាយការិយាល័យរដ្ឋបាលមានជំងឺត្បៀតសរសៃចង្កេះនិង៤.លោកវរសេនីយ៍ទោ អ៊ុក សុភារម្យនាយរងការិយាល័យវិទ្យុទាក់ទងមានជំងឺឈឺសន្លាក់។

លោកឧត្តមសេនីយ៍ទោ ហេង សុផលបានថ្លែងថា ដោយអនុវត្តតាមការចង្អុលបង្ហាញពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ត្រូវបន្តយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ ដែលជួបការលំបាក ឬជំងឺឈឺថ្កាត់ ត្រូវដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខដល់លំនៅដ្ឋានមន្ត្រីរូបនោះដើម្បីផ្តល់ភាពកក់ក្តៅ ព្រមទាំងរំលែកនូវការលំបាក ដែលកើតមានលើបងប្អូន។ទោះបីជាមមាញឹកយ៉ាងណាក៏ដោយក្នុងនាមលោក ជាប្រធានអង្គភាព នៅពេលដែលទទួលដំណឹងមន្ត្រីជួបទុក្ខលំបាក លោកតែងតែដឹកនាំកងកម្លាំងចុះអន្តរាគមន៍ បានទាន់ពេលវេលាគឺមិនបោះបង់ចោលបងប្អូនណាម្នាក់ឡើយ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងលើកទឹកចិត្ត ព្រមទាំងជូនពរសូមឱ្យបងប្អូនឆាប់ជាសះស្បើយមានសុខភាពល្អប្រសើរឡើងវិញ តាមរយៈការថែទាំសុខភាព មានអនាម័យរស់នៅស្អាត បរិភោគស្អាត ពិសារឱសថតាមការណែនាំរបស់គ្រូពេទ្យ ព្រមទាំងសម្រាកឱ្យគ្រប់គ្រាន់ តាមដានត្រួតពិនិត្យសុខភាពជាប្រចាំ ព្យាយាមហាត់ប្រាណពង្រឹងកាយសម្បទាដើម្បីឆាប់បានវិលត្រឡប់បន្តចូលរួមចំណែកបេសកកម្ម របស់កងកម្លាំងនគរបាលជាតិ ក្នុងបុព្វហេតុ ជាតិមាតុភូមិនៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោស្នងការ បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួនដល់បងប្អូនដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយបញ្ហាប្រចាំថ្ងៃជាពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក ថោង ខេមរ៉េត តំណាងឱ្យបងប្អូនមន្ត្រីទាំង០៤គ្រួសារសូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរ ដែលបានឆ្លៀតឱកាសដ៏មានតម្លៃចុះសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគថវិកាចំនួននិងបានគោរពជូនពរ ជូនចំពោះថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងទាំងអស់ សូមជួបប្រទះតែពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ស៊ុម វណ្ណា





