អាជ្ញាធរខេត្តកំពង់ឆ្នាំង លើកកម្ពស់សុវត្ថិភាពចរាចរណ៍
AKP កំពង់ឆ្នាំង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យមើលអំពីវឌ្ឍនភាពនៃគម្រោងសាងសង់សួនសុវត្ថិភាពចរាចរណ៍ ស្ថិតនៅវិទ្យាល័យក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៦ រួមដំណើរដោយ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង អាជ្ញាធរក្រុង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បាមានប្រសាសន៍ថា សួនសុវត្ថិភាពចរាចរណ៍សិប្បនិម្មិត ជាសួនដែលបង្កើតនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដោយមានការដាក់បញ្ចូល ហ្គារ៉ាស់សាំងសិប្បនិម្មិត ផ្លូវ គន្លងចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ឬ ស្លាកសញ្ញាចរាចរណ៍ ព្រមទាំងមានអ្វីៗផ្សេងទៀត ដែលពាក់ព័ន្ធនឹងការធ្វើដំណើរ គឺមិនត្រឹមតែសម្រាប់សិស្សានុសិស្សនោះទេ ប៉ុន្តែក៏សម្រាប់បង្ហាញដល់សាធារណជនឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ។

ទន្ទឹមនឹងនេះឯកឧត្តមបានបន្តថា សួនសុវត្ថិភាពចរាចរណ៍គឺបង្ហាញដល់សាធារណៈជនឱ្យចូលគឺដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ ដល់សិស្សានុសិស្ស និងសាធារណជនទូទៅ ក្នុងគោលបំណងធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិត។ ម្យ៉ាងទៀតបានបង្ហាញការអភិវឌ្ឍទេសចរណ៍ធម្មជាតិដែលនិងជួយដល់ការថែរក្សាបរិស្ថានដែលនិងជួយដល់ធនធានធម្មជាតិលើកកម្ពស់ស្មារតីទទួលខុសត្រូវ បង្កើនការត្រួតពិនិត្យនិងកាត់បន្ថយការបំពុលបរិស្ថាន ដែលរួមមានសារធាតុប្រកបដោយគ្រោះថ្នាក់។

ឯកឧត្តមបានស្នើឲ្យភាគីពាក់ព័ន្ធត្រូវ យកចិត្តទុកដាក់វាយតម្លៃឱ្យបានម៉ត់ចត់នូវហេតុផលប៉ះពាល់បរិស្ថានក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានាដើម្បីធានាការប្រើប្រាស់ធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

ថ្លែងក្នុងបរិបទនេះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តចូលរួមដាំដើមឈើររៀបចំកែលំអរសួនច្បារនៅរមណីយដ្ឋាននានា សួនច្បារ រួមទាំងការដាំ ដើមឈើរ ដាំផ្កាលម្អសួន ការរៀបការ៉ូឡា ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធតាមសួនច្បារឱ្យបានកាន់ តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន ក៏ដូចជាសម្រស់ បៃតងក្នុងខេត្តបន្ថែមទៀត។ ការដាំដើមឈើនឹងបានបង្កើតជាម្លប់បៃតង ដូច្នេះអាជ្ញាធរដែនដីត្រូវធ្វើការផ្សព្វផ្សាយអំពីព្រៃឈើបណ្ដុះបណ្ដាល អភិរក្សព្រៃឈើ និងត្រូវមានផែនការអប់រំដល់សិស្សានុសិស្សនៅតាមសាលារៀន និងប្រជាពលរដ្ឋឱ្យបានទូលំទូលាយនិងចំគោលដៅ។

ជាមួយគ្នានេះឯកឧត្តមបានស្នើឲ្យ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ផ្លូវ សូមចូលរួមសហការដាំដើមឈើរ ដាំផ្កាលម្អសួន ការរៀបការ៉ូឡា និងធ្វើអនាម័យជាប្រចាំ បរិស្ថានអនាម័យនូវសុខភាពយើងទាំងអស់គ្នា៕
ដោយ៖ បៃស៊ីថុន





