គណៈកម្មការទី៥នៃព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូថ្នាក់ដឹកនាំក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥ )នៃព្រឹទ្ធសភា បានដឹកនាំជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ក្នុងជំនួបពិភាក្សានាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នៅវិមានព្រឹទ្ធសភាមានគោលបំណងសំខាន់នៃជំនួបពិភាក្សានាពេលនេះ ដើម្បីស្វែងយល់អំពីសមិទ្ធផលការងារ ដែលក្រសួងព័ត៌មានសម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៥ រួមមាន៖
១- វឌ្ឍនភាពនៃការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា ។
២-ការអនុវត្តកិច្ចការទំនាក់ទំនងសាធារណៈជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ទាក់ទងនឹងយន្តការ និងវិធានការ នៃការគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានប្រពៃណី និង ឌីជីថល (វិទ្យុ ទូរទស្សន៍ អ្នកយកព័ត៌មានតាមបណ្តាញសង្គម...។ល។)
៣- វឌ្ឍនភាពនៃដំណើរការការកសាងសេចក្តីព្រាងច្បាប់នានាស្តីពី វិស័យយព័ត៌មាន និង ៤-បញ្ហាផ្សេងៗពាក់ព័ន្ធវិស័យព័ត៌មាន ជាពិសេស ក្នុងកាលៈទេសៈដែលប្រទេសជាតិប្រឈមមុខនឹងវិបត្តិ (សុខភាព, សន្តិសុខ, បរិស្ថាន …) ជាពិសេស សង្រ្គាមឈ្លានពានពីសំណាក់ប្រទេសជិតខាង។
ជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន លេខាធិការ សមាជិក សមាជិកា ឬតំណាងគណៈកម្មការនានាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការព្រឹទ្ធសភា សមាជិកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា មន្រ្តីជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន សរុប៩១រូប៕



ដោយ៖ ប៊ុនរិទ្ធ





