អភិបាលរងខេត្តព្រះសីហនុលើកទឹកចិត្តឱ្យអ្នកវិនិយោគស្វែងរកឱកាសវិនិយោគនៅខេត្តឆ្នេរសមុទ្រដ៏មានសក្តានុពលមួយនេះ!
AKP ព្រះសីហនុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦--នៅរសៀលថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះ សីហនុ បានអញ្ជើញថ្លែងបិទកម្មវិធីដំណើរទេសចរណ៍នៅខេត្តព្រះសីហនុ ដើម្បីស្វែងរកឱកាសវិនិយោគ (The Cambodia-China Investment Exploration Tour) នៅសណ្ឋាគារ អាជូណា សូលីទ័រ (កំពង់ដេវ៉ា) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តព្រះសីហនុ។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា កម្មវិធីដំណើរទេសចរណ៍ស្វែងរកឱកាសវិនិយោគកម្ពុជា-ចិន នៅខេត្តព្រះសីហនុ នាពេលនេះ ដោយមានការចូលរួមពីវាគ្មិនជាច្រើនរូបបានធ្វើបទបង្ហាញអំពីសក្តានុពល និងឱកាសនៃការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏ដូចជាមតិយោបល់ ពិភាក្សាយ៉ាងផុលផុសរបស់ធុរជន អ្នកវិនិយោគ ម្ចាស់ក្រុមហ៊ុន សហគ្រាសដែលបានចាប់អារម្មណ៍នៅក្នុងកម្មវិធីនាពេលនេះ វេទិការនេះមិនត្រឹមតែជាវេទិកាសំខាន់មួយសម្រាប់បង្កើតទំនាក់ទំនង និងបណ្តាញអាជីវកម្មរវាងវិនិយោគិនកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមានរយៈពេលយូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា ចិន ។

លោក អភិបាលរងខេត្តព្រះសីហនុ បានបញ្ចាក់ថា ខេត្តព្រះសីហនុ ជាតំបន់ដែលមានសក្តានុពល ទាំងវិស័យទេសចរណ៍ ពាណិជ្ជកម្ម ឧស្សាហកម្ម និងភស្តុភារកម្មជាដើម ហើយក៍ជាគោលដៅវិនិយោគសំខាន់មួយក្នុងតំបន់ និងអន្តរជាតិ។ តាមរយៈគោលនយោបាយលើកទឹកចិត្ត និងការគាំទ្រពីរាជ រដ្ឋាភិបាលកម្ពុជា។ ខេត្តព្រះសីហនុ បាននឹងកំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សកម្ម និងមានការប្រកួតប្រជែងខ្ពស់។ ជាមួយគ្នានេះដែរ ខ្ញុំសូមអញ្ជើញ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគិនទាំងអស់បន្តសិក្សាស្វែងយល់បន្ថែមទៀតអំពីឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសឪកាសវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលមានបរិយាកាសអំណោយផលល្អ សុវត្ថិភាព និងមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ។

លោក អភិបាលរងខេត្ត ក៍បានបញ្ជាក់បន្ថែមទៀតថា រដ្ឋបាលខេត្តព្រះសីហនុ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាសាធារណៈប្រកបដោយភាពឆាប់រហ័ស តម្លាភាព ទំនុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់ ទន្ទឹមនេះរដ្ឋបាលខេត្តព្រះសីហនុនឹងបន្តការសម្របសម្រួលការលើកទឹកចិត្ត និងការការពារអ្នកវិនិយោគិន ដើម្បីធានាថា វិនិយោគិនគ្រប់រូបអាចធ្វើអាជីវកម្មដោយមានទំនុកចិត្ត និងសុវត្ថិភាព និងសូមឪ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កាន់តែរីកចម្រើននិងរឹងមាំថែមទៀត ៕

ដោយ ងូ សុមុនី





