២៦ក្រុមចូលរួមប្រជែងជើងឯកកីឡាប៉េតង់ខេត្តកណ្តាល ឆ្នាំ២០២៦
AKP កណ្តាល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦–មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោតចែកពូល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ សម្រាប់ការប្រកួតកីឡាប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៩-២២ ខែមីនា ឆ្នាំ២០២៦ ខណៈក្រុមចូលរួមប្រជែងជើងឯកនៃវិញ្ញាសានីមួយៗមានរហូតដល់២៦ក្រុម។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលជម្រាបជូនដល់តំណាងក្លឹបនានា ដែលចូលរួមប្រកួតថា ដើម្បីឱ្យបានសម្រេចលទ្ធផលល្អប្រសើរ និងសមស្របតាមលក្ខណៈបច្ចេកទេស គណៈកម្មការរៀបចំការប្រកួតបានស្នើដល់តំណាងក្លឹបទាំងអស់ត្រូវបញ្ជាក់អត្តសញ្ញាណកីឡាករ កីឡាការិនីជៀសវាងការបន្លំអាយុកីឡាករ ឬនាំកីឡាករពីរាជធានី ឬខេត្តផ្សេងៗ ក្រៅពីស្ថិតនៅក្នុងខេត្តកណ្តាល។ ចំពោះវិញ្ញាសាប្រកួតមាន ៣នាក់ទល់៣នាក់ ផ្នែកវ័យចាស់, ផ្នែកយុវជន និងផ្នែកនារី និងវិញ្ញាសា២នាក់ទល់ ២នាក់ ផ្នែកវ័យចាស់, ផ្នែកយុវជន និងផ្នែកនារី។


ចំពោះគោលបំណងនៃព្រឹត្តិការណ៍នេះ គឺធ្វើឡើងស្របតាមផែនការអភិវឌ្ឍរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីផលិតធនធានឆ្នើមៗលើប្រភេទកីឡាប៊ូល និងប៉េតង់ប្រចាំខេត្ត ត្រៀមចូលរួមប្រកួតថ្នាក់ជាតិ ក្នុងឆ្នាំ២០២៦ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ បន្ថែមពីលើនេះ លោក ពៅ វណ្ណា លើកឡើងទៀតថា តាមរយៈការប្រកួតនេះនឹងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូចជាស្វែងរកធានធានថ្មីៗប្រចាំខេត្តកណ្តាលឱ្យកាន់តែសម្បូរបែប និងគុណភាពសម្រាប់ជាតិ រួមទាំងគោលដៅឱ្យយុវជនចូលរួមលេងកីឡាជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសគឺជៀសឆ្ងាយពីគ្រឿងញៀនផងដែរ៕
ដោយ ហេង ណាលីន





