តំណាងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៦ (MEXT Scholarship for 2026)
AKPភ្នំពេញថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦– ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) តំណាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៦ (MEXT Scholarship for 2026) ចំនួន ១២រូប ដែលត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នាខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងឱកាសទទួលជួបបដិសណ្ឋារកិច្ចនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមអគ្គលេខាធិការរង បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អបអរសាទរនិងសួរសុខទុក្ខដល់ក្រុមនិស្សិតដែលបានទទួលជ័យលាភីអាហារូបករណ៍ ព្រមទាំងបានជម្រាបជូន ក្រុមនិស្សិតឱ្យបានយល់អំពីរចនាសម្ព័ន្ធ និងបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ប្រមាណជាង ៣០ឆ្នាំកន្លងមកនេះ។
បន្ថែមពីនេះ ឯកឧត្តម បានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជននិងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ជាពិសេសការធ្វើឌីជីថលលូបនីយកម្មក្នុងការផ្តល់សេវាជូនដល់វិនិយោគិនទំាងក្នុងនិងក្រៅស្រុក។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានជំរុញនិងលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលា និងស្វែងយល់ ចំណេះដឹងបន្ថែមពីមជ្ឈដ្ឋាន ខាងក្រៅឱ្យអស់ពីលទ្ធភាព ដើម្បីជាការផ្សព្វ ផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានដឹងបានយល់អំពីប្រទេសកម្ពុជាកាន់តែច្បាស់ និងទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាទំពាំងដ៏ល្អក្នុងការចូលរួមកសាងប្រទេសជាតិជាមួយរាជរដ្ឋាភិបាលនៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។

ជាចុងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការរង បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា ក្រុមនិស្សិតនឹងទទួលបានជោគជ័យក្នុងបេសកកម្មសិក្សានិងស្រាវជ្រាវ នៅប្រទេសជប៉ុន និងអភិវឌ្ឍខ្លួនទៅជាធនធានមនុស្សដ៏មានតម្លៃកាន់តែខ្ពស់សម្រាប់គ្រួសារ និងជាតិមាតុភូមិ៕
ដោយ៖ ចរិយា ប្រភព៖ CDC





