អាជ្ញាធរក្រុងតាខ្មៅចុះពង្រឹងវិធានការរៀបចំសណ្តាប់ធ្នាប់ លើកំណាត់ផ្លូវ២០៣ ខាងកើតផ្សារតាខ្មៅថ្មី
AKP កណ្ដាល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦-- នាពេលថ្មីៗនេះ បញ្ហាការលក់ដូររំលោភលើចំណីផ្លូវសាធារណៈនៅតាមបណ្តាផ្សារ និងផ្លូវមួយចំនួន បានក្លាយជាប្រធានបទដ៏ក្តៅគគុកដែលបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងប៉ះពាល់ដល់សោភ័ណភាពទីក្រុង។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរក្រុងតាខ្មៅដឹកនាំដោយលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ និងជាប្រធានគណៈបញ្ជការឯកភាពក្រុង និងអ្នកពាក់ព័ន្ធបានចុះអនុវត្តវិធានការដើម្បីរៀបចំសណ្តាប់ធ្នាប់សារធារណៈឡើងវិញ លើកំណាត់ផ្លូវ២០៣កែងផ្លូវ២០២ ខាងកើតផ្សារតាខ្មៅថ្មី ដែលបងប្អូនប្រជាពលរដ្ឋមានលំនៅឋានលើកំណាត់ផ្លូវ២០៣កែងផ្លូវ២០២ បានយកចំណីផ្លូវសាធារណៈមុខផ្ទះជួលឱ្យអាជីវករលក់ដូរ បន្លែត្រីសាច់ ដែលបង្កឱ្យមានការកកស្ទះ ខូចសោភ័ណភាព អនាម័យនិងបរិស្ថាន។

លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ក្រោមការណែនាំពីថ្នាក់ដឹកនាំខេត្ត ក្រុមការងារចម្រុះបានចុះអនុវត្តធ្វើការអប់រំ និងណែនាំដល់បងប្អូនអាជីវករ ឱ្យយល់ដឹងអំពីច្បាប់សណ្តាប់ធ្នាប់សាធារណៈ និងផលប៉ះពាល់នៃការរំលោភចំណីផ្លូវ។ អាជ្ញាធរក្រុង សូមអំពាវនាវដល់ម្ចាស់ផ្ទះទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងត្រូវបញ្ឈប់ជាបន្ទាន់នូវការយកចំណីផ្លូវសាធារណៈទៅជួលឱ្យអ្នកដទៃ។

ហើយប្រសិនបើរកឃើញករណីដដែលនេះកើតឡើងទៀត វិធានការរដ្ឋបាល និងការផ្សព្វផ្សាយជាសាធារណៈនូវសកម្មភាពល្មើសច្បាប់ទាំងនោះនឹងត្រូវអនុវត្តដោយគ្មានការលើកលែង និងសូមបងប្អូនប្រជាពលរដ្ឋដែលប្រកបរលក់ដូរលើចំណីផ្លូវទាំងអស់សូមមេត្តាចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំសម្រាប់ធ្នាប់សារធារណៈឱ្យបានរៀបរយ ដើម្បីកុំឱ្យមានការកកស្ទះ និងប៉ះពាល់ដល់សោភ័ណភាព អនាម័យបរិស្ថាន ហើយសូមទៅលក់នៅទីតាំងដែលអាជ្ញាធរបានរៀបចំឱ្យលក់ ក្នុងករណីដែលអាជីវករនៅតែបន្តរឹងរូសលក់ដូររំលោភលើទ្រូងផ្លូវ អាជ្ញាធរនឹងធ្វើការតាមច្បាប់។

គោលដៅនៃការរៀបចំសណ្តាប់ធ្នាប់នេះមានគោលបំណងគឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវលំហូរចរាចរណ៍ល្អប្រសើរ កាត់បន្ថយការបោះចោលសំរាមពាសវាលពាសកាលដែលកើតចេញពីការលក់ដូរមិនរៀបរយ លើកកម្ពស់មុខមាត់ទីក្រុង សណ្តាប់ធ្នាប់ល្អ ចាប់ផ្តើមពីយើងម្នាក់ៗ ការចូលរួមរបស់បងប្អូន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការធ្វើឱ្យទីក្រុង និងសហគមន៍របស់យើងមានភាពស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ថ្លៃថ្នូរ ។ ក្នុងនោះអ្នកដំណើរតាមផ្លូវនេះបានសម្តែងការហួសចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះម្ចាស់ផ្ទះដែលមានចិត្តលោភលន់ទាំងនោះដែលម្ចាស់ផ្ទះយកដីសាធារណៈរបស់រដ្ឋទៅជួលយកលុយដាក់ហោប៉ៅខ្លួនឯង ហើយបង្កការលំបាកដល់អ្នកធ្វើដំណើរ។

សូមជម្រាបជូនផងដែរថា បងប្អូនដែលប្រកបរបរលក់ដូរបន្លែត្រីសាច់លើកំណត់ផ្លូវលេខ២០៣ កែងផ្លូវ២០២ ខាងកើតផ្សារតាខ្មៅថ្មី នេះ ភាគច្រើនសុទ្ធសឹងតែជួលទីតាំងពីម្ចាស់ផ្ទះដែលមានលំនៅឋានលើផ្លូវនេះទាំងអស់ ហើយតម្លៃជួលមានចន្លោះចាប់ពី១៥០ ០០០រៀល ទៅ១ ០០០ ០០០រៀល ទៅតាមទីតាំង និងប្រវែងដែលកំណត់ដោយម្ចាស់ផ្ទះ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





