សមិទ្ធផលថ្មីមួយទៀតក្នុងវិស័យឧស្សាហកម្មកាត់ដេរត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នាព្រឹកម៉ិញនេះ
AKP កំពង់ស្ពឺ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការ រោងចក្រកាត់ដេរសម្លៀកបំពាក់ អ៊ែដ្សាយល៍ ស្វេតថឺ (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនកម្មករ កម្មការិនីយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានសម្តែងនូវការអបអរសាទរចំពោះរដ្ឋបាលក្រុងច្បារមន និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលទទួលបាននូវសមិទ្ធផលសេដ្ឋកិច្ចថ្មីបន្ថែមទៀត ដែលនឹងជួយបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តទៀតថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅក្នុងខេត្តកំពង់ស្ពឺនាពេលនេះគឺជាសក្ខីភាពដែលមិនអាចប្រកែកបាននៃ"សុខសន្តិភាព" និងស្ថិរភាពនយោបាយពេញលេញ ដែលអនុញ្ញាតឱ្យអ្នកវិនិយោគមានទំនុកចិត្តខ្ពស់ក្នុងការបោះទុន និងពង្រីកផលិតកម្មរបស់ខ្លួន។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែចាត់ទុកវិស័យឯកជនជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិស័យឯកជន និងអ្នកវិនិយោគ ដែលបានផ្តល់ទំនុកចិត្ត និងជ្រើសរើសយកខេត្តកំពង់ស្ពឺជាទីតាំងសម្រាប់បោះទុនវិនិយោគ។

សកម្មភាពនេះមិនត្រឹមតែបង្ហាញពីស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ៕


ដោយ ម៉ែន ប៊ុនធីម





