ក្តីសង្ឃឹមថ្មីលើទឹកដីសុវត្ថិភាព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចាប់ឆ្នោតផ្តល់ដីឡូត៍ និងជម្រកជូនពលរដ្ឋភៀសសឹក
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦-- ក្នុងស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំពិធីចាប់ឆ្នោតជ្រើសរើសក្បាលដីឡូត៍ជូនបងប្អូនជនភៀសសឹក ដើម្បីចូលមករស់នៅក្នុងជម្រកបណ្ដោះអាសន្ន លើផ្ទៃដីផ្ទះអតីតយុទ្ធជន ស្ថិតក្នុងភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យនោះ ឯកឧត្ដម អ៊ុ រាត្រី បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំមណ្ឌលស្នាក់នៅបណ្ដោះអាសន្នលើផ្ទៃដីប្រមាណ ៤០០ហិកតា នេះ គឺជាកិច្ចអន្តរាគមន៍បន្ទាន់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមអភិបាលខេត្តបានសង្កត់ធ្ងន់ថា "រាជរដ្ឋាភិបាលមិនដែលបោះបង់ចោលបងប្អូនឡើយ។ យើងយល់ច្បាស់ពីការលំបាករបស់បងប្អូនដែលត្រូវភៀសខ្លួនពីសង្គ្រាមឈ្លានពាននៅតាមព្រំដែន។ ការផ្តល់ជម្រកថ្មីនេះ គឺជាការធានានូវសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពជូនបងប្អូន ខណៈដែលយើងកំពុងបន្តដោះស្រាយបញ្ហាដីធ្លីនៅតំបន់ដើម"។

គួររំលឹកផងដែរថា បងប្អូនប្រជាពលរដ្ឋប្រមាណជាង ៣.០០០គ្រួសារ មកពីភូមិចំនួន៦ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា។ បច្ចុប្បន្ន ពួកគាត់មិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានដើមវិញបានឡើយ ដោយសារការរំលោភបំពានពីទាហានថៃភាគីថៃបានព័ទ្ធបន្លាលួស និងដាក់ទូកុងទ័រន័ររំលោភលើទឹកដីកម្ពុជា។ តំបន់មួយចំនួននៅតែគ្របដណ្ដប់ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

មណ្ឌលសុវត្ថិភាពនៅភូមិចក់ពួកនេះ មិនត្រឹមតែជាកន្លែងជ្រកកោនបណ្ដោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានរៀបចំឡើងជាផ្ទះយ៉ាងមានរបៀបរៀបរយ ធន់នឹងកម្តៅថ្ងៃ ភ្លៀង និងខ្យល់កន្ត្រាក់។មានបន្ទប់ទឹក និងបង្គន់អនាម័យត្រឹមត្រូវតាមបច្ចេកទេស ដើម្បីបង្ការជំងឺដង្កាត់។ ការរៀបចំដីឡូត៍មានលក្ខណៈធំទូលាយ ងាយស្រួលក្នុងការរស់នៅ និងប្រកបរបរប្រចាំថ្ងៃ។

តំណាងពលរដ្ឋភៀសសឹកដែលបានមកចាប់ឆ្នោត បានសម្តែងនូវក្តីរំភើបរីករាយជាខ្លាំង ដោយពួកគាត់បានលើកឡើងថា ការមករស់នៅទីនេះគឺមានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាពជាងមុនឆ្ងាយណាស់។ បងប្អូនបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលមិនទុកឱ្យពួកគាត់រស់នៅដោយគ្មានទីជម្រកច្បាស់លាស់។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប្រាក់ ដាវីឌ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីជាសាក្សីក្នុងតម្លាភាពនៃការបែងចែកដីជូនពលរដ្ឋ៕
ដោយឈុនសារ៉ាត





