អភិបាលខេត្តកំពង់ធំអញ្ជើញចូលរួមពិធីកាត់ខ្សែបូឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានាស្ថិតក្នងវត្តបន្ទាយចាស់ ស្រុកបារាយណ៍
AKP កំពង់ធំថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៦--ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវបានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានាស្ថិតក្នងវត្តបន្ទាយចាស់ ស្ថិតនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ខេត្តកំពង់ធំកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមនួន ផារ័ត្ន ថ្លែងថា ពិធីកាត់ខ្សែបូសម្ពោធឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានានាពេលនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីវឌ្ឍនភាពជំនឿសាសនានិងការគោរពប្រណិប័តដ៏ជ្រាលជ្រៅចំពោះវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋព្រមទាំងបង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋយើងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមបន្តថាសមិទ្ធផលដែលកើតឡើងនៅទីនេះពិតណាស់គឺមិនមែនកើតឡើងដោយចៃដន្យនោះទេនេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាពនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្នបាននឹងកំពុងបន្តថែរក្សាការពារនិងអភិវឌ្ឍន៍បន្តក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់និងស្វាហាប់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះដែរឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជាជឿជាក់ទៅលើលទ្ធភាពនៃការដោះស្រាយបញ្ហានេះតាមរយៈនៃការចរចាជៀសជាងការដោះស្រាយតាមរយៈកម្លាំងប្រដាប់អាវុធជាពិសេស សូមបងប្អូនកុំឱ្យជឿលើព័ត៌មានមិនពិតមួយចំនួន ដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាពនិងអសន្តិសុខ។

សូមបងប្អូនប្រជាពលរដ្ឋផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាលក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយកម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូតនិងការដោះស្រាយបញ្ហាដោយសន្តិវិធីព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ៕

ដោយ៖ ស៊ុម វណ្ណាម





