សារព័ត៌មានអន្តរជាតិចាត់ទុកសៀវភៅ "The Father" ជាសៀវភៅ «ដ៏គួរឲ្យចាប់អារម្មណ៍ និងគួរតែអាន»
AKPភ្នំពេញថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦– សារព័ត៌មានអន្តរជាតិចាត់ទុកសៀវភៅ "The Father" ជាសៀវភៅ «ដ៏គួរឲ្យចាប់អារម្មណ៍ និងគួរតែអាន» ដើម្បីសិក្សាពីយុទ្ធសាស្ត្ររំដោះជាតិ និងការដោះស្រាយវិបត្តិរបស់សម្ដេចតេជោ។
វាជាព្រឹត្តិការណ៍ដ៏កម្រ និងជាមោទនភាពដ៏ធំធេងបំផុតសម្រាប់ប្រជាជាតិកម្ពុជា នៅពេលដែលបណ្ដាញសារព័ត៌មានល្បីៗលំដាប់ពិភពលោក បានមើលឃើញ និងផ្តល់ជាអនុសាសន៍ថា សៀវភៅជីវប្រវត្តិបែបយុទ្ធសាស្ត្រ "The Father Who Shielded and Never Left" គឺជា «សៀវភៅដែលមេដឹកនាំ និងអ្នកនយោបាយជុំវិញពិភពលោកមិនគួររំលង»។ ការចុះផ្សាយយ៉ាងច្រើននៅក្រៅប្រទេស បានលើកឡើងថា មេរៀននៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺជា «រូបមន្តជោគជ័យ» ដែលពិភពលោកស្វែងយល់។ 
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស អ្វីដែលធ្វើឱ្យសៀវភៅដែលនិពន្ធដោយលោកស្រី Fari មួយនេះ ក្លាយជា «មេរៀនដ៏មានតម្លៃ» គឺដោយសារវាបានចងក្រងយ៉ាងលម្អិតនូវយុទ្ធសាស្ត្ររំដោះជាតិ និងការដោះស្រាយវិបត្តិដែលគ្មានក្នុងសៀវភៅប្រវត្តិសាស្ត្រដទៃ។ អន្តរជាតិបានស្ងើចសរសើរចំពោះ «យុទ្ធសាស្ត្រឈ្នះ-ឈ្នះ» ដែលសម្ដេចតេជោបានប្រើប្រាស់ដើម្បីរំលាយអង្គការចាត់តាំងខ្មែរក្រហម និងការបង្រួបបង្រួមជាតិទាំងស្រុងដោយគ្មានការបង្ហូរឈាម។ នេះគឺជា «គ្រឺះសន្តិភាព» ដែលអន្តរជាតិយល់ឃើញថា ជាគំរូដ៏ល្អបំផុតសម្រាប់យកទៅដោះស្រាយវិបត្តិសង្គ្រាមដែលកំពុងឆេះឆួលនៅតំបន់ផ្សេងៗផងដែរ។
ចំណុចដ៏មានឥទ្ធិពលបំផុតដែលសារព័ត៌មានបរទេសបានដកស្រង់មកចុះផ្សាយ គឺទស្សនវិជ្ជានៃភាពជាមេដឹកនាំដែលហ៊ានធ្វើខ្លួនជា «ខែលការពារ» ប្រជាជាតិ។ សៀវភៅ "The Father" បានបង្ហាញពីភាពក្លាហានរបស់សម្ដេចតេជោ ក្នុងការឈរនៅជួរមុខដើម្បីការពារពលរដ្ឋ ទោះក្នុងស្ថានភាពគ្រោះថ្នាក់បំផុត និងមិនដែលបោះបង់ចោល (Never Left) សូម្បីតែមួយជំហាន។ ស្មារតីនៃការទទួលខុសត្រូវខ្ពស់នេះ ក៏កំពុងត្រូវបានបន្តរក្សាយ៉ាងខ្ជាប់ខ្ជួនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានបង្ហាញពីភាពចាស់ទុំនយោបាយ និងការអត់ធ្មត់ខ្ពស់ក្នុងការដោះស្រាយវិបត្តិព្រំដែនឆ្នាំ ២០២៥-២០២៦ ដោយតម្កល់ជីវិតមនុស្សជាតិជាអាទិភាព។ 
សៀវភៅ "The Father Who Shielded and Never Left" បានក្លាយជា «អាវុធការទូត» ដ៏ទន់ភ្លន់ដែលនាំយកប្រវត្តិសាស្ត្រពិតរបស់ខ្មែរទៅកាន់បេះដូងអ្នកអានជុំវិញពិភពលោក។ នេះគឺជាមោទនភាពដ៏អស្ចារ្យដែលបង្ហាញថា ភាពជាអ្នកដឹកនាំដែលប្រកបដោយចក្ខុវិស័យ និងភក្តីភាពចំពោះជាតិ គឺជាសោរដ៏សំខាន់បំផុតក្នុងការកសាងពិភពលោកឱ្យមានសន្តិភាពជានិរន្តរ៍៕
ដោយ៖ ចរិយា





