ប្រធានាធិបតីអ៊ីរ៉ង់បដិសេធចំពោះការអះអាងរបស់លោក ដូណាល់ ត្រាំ អំពីជម្លោះផ្ទៃក្នុងនៅអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ -- ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសាអូដ ប៉េហ្សេសគីអាន់ (Masoud Pezeshkian) បាននិយាយកាលពីពេលថ្មីៗនេះថា លោកបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អំពីការបែកបាក់ផ្ទៃក្នុងនៅក្នុងប្រទេសអ៊ីរ៉ង់។
លោក ប៉េហ្សេសគីអាន់ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា «មិនមានអ្នករឹងរូស ឬអ្នកមធ្យមនៅក្នុងប្រទេសអ៊ីរ៉ង់ទេ។ យើងទាំងអស់គ្នាជាជនជាតិអ៊ីរ៉ង់ និងជាអ្នកបដិវត្តន៍»។
លោកបានសង្កត់ធ្ងន់ថា យើងមាន «ឯកភាពរឹងមាំដូចដែកថែបរវាងប្រជាជន និងរដ្ឋ»។
ប្រធានាធិបតីអ៊ីរ៉ង់បានស្បថថា ទីក្រុងតេអេរ៉ង់នឹងធ្វើឱ្យអ្នកឈ្លានពានសោកស្តាយចំពោះសកម្មភាពរបស់ខ្លួន។ លោកបាននិយាយថា «ព្រះតែមួយប្រជាជាតិតែមួយ មេដឹកនាំតែមួយ និងផ្លូវតែមួយ ផ្លូវនៃជ័យជំនះរបស់អ៊ីរ៉ង់ជាទីស្រឡាញ់»។
លោក ត្រាំ បានអះអាងនៅពេលមុននេះនៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម Truth Social ថា ទីក្រុងតេអេរ៉ង់កំពុងជួបប្រទះជម្លោះផ្ទៃក្នុងដ៏ខ្លាំងក្លារវាងអ្នករឹងរូស ដែលលោកបាននិយាយថា «ចាញ់យ៉ាងធ្ងន់ធ្ងរនៅលើសមរភូមិ» និងអ្នកមធ្យម ដែលមិនសូវមាន។
លោកបានអះអាងថា «អ៊ីរ៉ង់កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការស្វែងយល់ថា អ្នកណាជាមេដឹកនាំរបស់ពួកគេ»។
លោក ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនរក្សាការគ្រប់គ្រងទាំងស្រុងនៃច្រកសមុទ្រហ័រមុស ហើយគ្មាននាវាណាមួយអាចធ្វើដំណើរឆ្លងកាត់ដោយគ្មានការយល់ព្រមពីកងទ័ពជើងទឹកអាម៉េរិកបានឡើយ។លោកបានពិពណ៌នាអំពីច្រកសមុទ្រនេះថា ត្រូវបាន «បិទជិតយ៉ាងតឹងរ៉ឹង»រហូតដល់អ៊ីរ៉ង់ «អាចធ្វើកិច្ចព្រមព្រៀងមួយបាន»។
អរិភាពក្នុងតំបន់បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ខែកុម្ភៈ ដែលបានសម្លាប់មនុស្ស និងរបួសរាប់ពាន់នាក់។
ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារសងសឹកវិញទៅលើអ៊ីស្រាអែល និងបណ្តាប្រទេសក្នុងតំបន់ដែលមានទ្រព្យសម្បត្តិយោធាអាម៉េរិក និងរឹតត្បិតការឆ្លងកាត់ច្រកសមុទ្រហ័រមុស។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិកបានបន្តបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ នៅមួយថ្ងៃមុនពេលបទឈប់បាញ់ត្រូវបានកំណត់ឱ្យផុតកំណត់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





