អ្នកវិទ្យាសាស្ត្រព្យាករណ៍ហានិភ័យ ពីភ្លើងឆេះព្រៃ ដោយសារការប្រែប្រួលអាកាសធាតុ អាចបង្កប៉ះពាល់ ដល់ការរស់រានមានជីវិតរបស់សត្វ និងរុក្ខជាតិ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦—ការសិក្សាថ្មីមួយបានព្រមានថា ការប្រែប្រួលអាកាសធាតុអាចបង្កើនផ្ទៃដីនៅទូទាំងពិភពលោកដែលងាយរងការឆេះព្រៃនៅអនាគត ដោយធ្វើឱ្យប្រភេទសត្វ និងរុក្ខជាតិជាច្រើនស្ថិតក្នុងហានិភ័យខ្ពស់ជាងមុន។
តាមរយៈការចុះផ្សាយពីរបកគំហើញរបស់ក្រុមអ្នកស្រាវជ្រាវលើពិភពលោកនោះក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០២៦ថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យភ្លើងឆេះព្រៃ ដោយសារការផ្លាស់ប្តូរនៃលំនាំភ្លៀង និងការធ្វើឱ្យរុក្ខជាតិស្ងួតនៅតំបន់ខ្លះៗ។ ឥឡូវនេះ អ្នកស្រាវជ្រាវបានព្យាករណ៍អំពីរយៈពេល និងទំហំផ្ទៃដីដែលអាចត្រូវបានឆេះ នៅក្រោមសេណារីយ៉ូបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ៤ ប្រភេទ។
តាមរយៈរបកគំហើញនេះដែរក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា ពួកគេបានវាយតម្លៃផលប៉ះពាល់នាពេលអនាគតលើប្រភេទសត្វ រុក្ខជាតិ និងផ្សិតចំនួន ៩ ៥៩២ ប្រភេទ ដែលត្រូវបានចុះបញ្ជីក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទដែលរងហានិភ័យពីភ្លើងឆេះព្រៃ។
ជាមួយគ្នានេះក្រុមអ្នកស្រាវជ្រាវបានរកឃើញដែរថា ដល់ឆ្នាំ ២១០០ ផ្ទៃដីដែលឆេះនៅទូទាំងពិភពលោកអាចកើនឡើង ៩,៣% ហើយប្រហែល ៨៤% នៃប្រភេទដែលរងគ្រោះដោយភ្លើងឆេះ នឹងប្រឈមមុខនឹងហានិភ័យកាន់តែខ្ពស់ឡើង៕

ដោយ៖មករា





