មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ដាក់វិញ្ញាសាថ្មីដល់ភាគីពាក់ព័ន្ធក្នុងការងារអភិរក្សផ្សោតទន្លេមេគង្គ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦—លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញដល់ភាគីពាក់ព័ន្ធ ត្រូវពង្រឹង និង បង្កើនប្រសិទ្ធភាពការងារគ្រប់គ្រង ការពារ អភិរក្សសត្វផ្សោត និងកន្ធាយក្បាលកង្កែប នៅតំបន់ទន្លេមេគង្គ។
គួរបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការអភិរក្សសត្វផ្សោត ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ ។

លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជំនួបប្រចាំខែ គឺជាការផ្តល់ឱកាសដល់មន្រ្តីឆ្មាំទន្លេ ក្រុមការងារបច្ចេកទេសអភិរក្ស អង្គការដៃគូរួមមាន អង្គការ WWF និងអង្គការ WCS ពិនិត្យឡើងវិញនូវលទ្ធផលនៃការងារដែលសម្រេចបាននាពេលកន្លងមក និងពិភាក្សាលើកផែនការការងារបន្ត ក្នុងគោលដៅធ្វើយ៉ាងណា គ្រប់គ្រង ការពារ និងអភិរក្ស សត្វផ្សោត និងសត្វកន្ធាយក្បាលកង្កែប ដែលជាប្រភេទសត្វកម្រជិតផុតពូជ ក្នុងដែនអភិរក្សនៃខេត្តក្រចេះ។

បើតាមលោកជំទាវអនុរដ្ឋលេខាធិការ នៅក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត ដោយពុំមានករណីផ្សោតស្លាប់ពេញ១ឆ្នាំ គិតក្នុងកំណត់ត្រារយៈពេលជាង២០ឆ្នាំចុងក្រោយ។ ជោគជ័យនៅក្នុងឆ្នាំកន្លងទៅ គឺជាវិញ្ញាសាឆ្នាំថ្មី ឆ្នាំ២០២៦ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណារក្សាឲ្យបានជាដាច់ខាតនូវសមិទ្ធផលចាស់ និងបង្កើនសមិទ្ធផលថ្មី។

លោកជំទាវ អ៊ឹម រចនា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ដ្រីជំនាញអភិរក្ស អង្គការ WWF ដែលបាននិងកំពុងប្រឹងប្រែងបន្តជួយទ្រទ្រង់ការងារល្បាតរបស់បងពូឆ្មាំទន្លេ។

ឆ្លើយតបតាមសំណូមពររបស់ឆ្មាំទន្លេល្បាតផ្សោតទន្លេមេគង្គ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្រេចផ្ដល់ម៉ាស៊ីនទូកចំនួន ២គ្រឿង ដើម្បីជំនួសម៉ាស៊ីនទូកចាស់។ ចំណែកអង្គការ WWF ក៏បានផ្ដល់ម៉ាស៊ីនទូកដូចគ្នាចំនួន ២គ្រឿងបន្ថែមទៀត ជូនដល់ឆ្មាំទន្លេ ដើម្បីឲ្យការងារល្បាតនិងបង្ក្រាបបទល្មើសនេសាទ ដំណើរការបានកាន់តែរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

ដោយ៖ មករា





