ក្រសួងកសិកម្មចេញសេចក្តីណែនាំ៤ចំណុច ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេងដល់ប្រជាកសិករ និងសហគមន៍កសិកម្ម
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦--
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីណែនាំ៤ចំណុច សំដៅធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេង ដល់ប្រជាកសិករ និងសហគមន៍កសិកម្ម។
ក្នុងសេចក្តីណែនាំបានបញ្ជាក់ថា បន្ទាប់ពីបានពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងក្តីបារម្ភរបស់ប្រជាកសិករ ឬសហគមន៍កសិកម្មជុំវិញតម្រូវការផ្គត់ផ្គង់និងតម្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់ដំណើរការគ្រឿងចក្រកសិកម្ម ប្រព័ន្ធស្រោចស្រព និងការដឹកជញ្ជូនកសិផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ទាំងអស់ ត្រូវបន្តតាមដាននិងយកចិត្តទុកដាក់លើការងារដូចជា៖ ១. ចូលរួមសម្របសម្រួល និងតាមដានដោយយកចិត្តទុកដាក់លើស្ថានភាពផ្គត់ផ្គង់ និងតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ក្នុងភូមិសាស្ត្ររាជធានី-ខេត្តសាមី។ ចំពោះតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ត្រូវអនុវត្តតាមតារាងតម្លៃដែលចេញផ្សាយ ដោយក្រសួងរ៉ែ និងថាមពល និង/ឬក្រសួងពាណិជ្ជកម្ម។ ២. សម្របសម្រួលដោះស្រាយឱ្យបានឆាប់រហ័សក្នុងករណីប្រជាកសិករ ឬសហគមន៍កសិកម្មមានបញ្ហាប្រឈម និងការលំបាកក្នុងការទទួលបាននូវប្រេងឥន្ធនៈ ដោយធ្វើការជូនដំណឹងដល់ មន្ទីររ៉ែ និងថាមពល និង/ឬ មន្ទីរពាណិជ្ជកម្មប្រចាំរាជធានី-ខេត្តសាមី។ ៣. ចូលរួមសហការផ្សព្វផ្សាយដល់ប្រជាកសិករ ឬសហគមន៍កសិកម្មអំពីការប្រើប្រាស់មធ្យោបាយផ្ទុក (ប៊ីដុង ឬកាន) ក្នុងកម្រិតចំណុះដែលមានសុវត្ថិភាព និងធានាការពារកុំឱ្យមានហានិភ័យឆាបឆេះ ធ្វើឱ្យប៉ះពាល់ដល់ ទ្រព្យសម្បត្តិ ឬអាយុជីវិតផ្ទាល់ខ្លួន និងការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន។ ៤. ក្នុងករណីពិនិត្យឃើញថាមានបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេងនិងឧស្ម័នឥន្ធនៈ និងមានការដំឡើងថ្លៃខុសប្រក្រតី ត្រូវរាយការណ៍ជាបន្ទាន់មកអគ្គលេខាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីមានវិធានការកម្រិតថ្នាក់ជាតិ។
ជាមួយគ្នានេះ ក្រសួងកសិកម្មសង្ឃឹមជឿជាក់ថាបន្ទាប់ពីទទួលបានសេចក្តីណែនាំនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី- ខេត្តទាំងអស់ នឹងចាត់ចែងផ្សព្វផ្សាយបន្តដល់ការិយាល័យកសិកម្មក្រុង-ស្រុក-ខណ្ឌ និងអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ មករា





