អ៊ីស្រាអែលបើកការវាយប្រហារថ្មីទៅលើប្រទេសលីបង់ភាគខាងត្បូង បើទោះបីជាមានការបន្តបទឈប់បាញ់ក៏ដោយ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស និងបាញ់ផ្លោងកាំភ្លើងធំនៅទូទាំងភាគខាងត្បូងរបស់ប្រទេសលីបង់នៅព្រឹកថ្ងៃសុក្រនេះ បើទោះបីជាមានការប្រកាសបន្តបទឈប់បាញ់ថ្មីៗនេះក៏ដោយ។
យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារផ្ទះមួយនៅក្នុងទីក្រុងទូលីន ក្នុងស្រុកម៉ាចាយូន កាលពីពេលព្រឹកព្រលឹមថ្ងៃនេះ បន្ទាប់មកមានការបាញ់ផ្លោងកាំភ្លើងធំនៅក្នុងតំបន់នោះ។ ទីភ្នាក់ងារសារព័ត៌មាននេះបាននិយាយថា ការវាយប្រហារតាមអាកាសបន្ថែមទៀតបានកំណត់គោលដៅលើទីក្រុងខឺបេតសេម។
នៅក្នុងស្រុកថាយ យន្តហោះអ៊ីស្រាអែលបានធ្វើការវាយឆ្មក់នៅជាយក្រុងម៉ាចដាល់ហ្ស៊ូន ខណៈដែលការវាយប្រហារពេញមួយយប់ក៏បានវាយប្រហារលើភ្នំរីហាន ក្នុងតំបន់ចេសហ្ស៊ីនផងដែរ។
ការវាយប្រហារទាំងនេះបានកើតឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ត្រូវបានបន្តរយៈពេលបីសប្តាហ៍ បន្ទាប់ពីកិច្ចចរចាកម្រិតឯកអគ្គរដ្ឋទូតនៅឯសេតវិមាន។
បទឈប់បាញ់រយៈពេល ១០ថ្ងៃដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលចូលជាធរមាននៅថ្ងៃទី១៦ ខែមេសា ត្រូវបានកំណត់ឱ្យផុតកំណត់នៅថ្ងៃអាទិត្យ។
ចាប់តាំងពីថ្ងៃទី០២ ខែមីនា ការវាយប្រហាររបស់អ៊ីស្រាអែលដែលបានពង្រីកទៅលើប្រទេសលីបង់ បានសម្លាប់មនុស្សជាង ២.២០០នាក់ និងបានធ្វើឱ្យមនុស្សជាង ១លាននាក់ត្រូវផ្លាស់ទីលំនៅ។ នេះបើយោងតាមអាជ្ញាធរលីបង់បានចេញផ្សាយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





