បន្ទប់ផ្តល់ប្រឹក្សាផ្លូវចិត្តចំនួន៤បន្ទប់ នៅ៤ទីតាំងផ្សេងគ្នាក្នុងជំរំជនភៀសសឹកក្នុងខេត្តសៀមរាប បើកឱ្យដំណើរការជាផ្លូវការ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦--
បន្ទប់ផ្តល់ប្រឹក្សាផ្លូវចិត្ត ដែលផ្តល់សេវាប្រឹក្សាយោបល់ទាក់ទងនឹងអំពើហិង្សាយេនឌ័រក្នុងគ្រាអាសន្នប្រកបដោយសុវត្ថិភាពសម្រាប់ស្ត្រី និងកុមារីចំនួន៤ នៅ៤ទីតាំងផ្សេងគ្នា នៃជំរំជនភៀសសឹក ស្ថិតក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានគូសបញ្ជាក់ថា បន្ទប់ផ្តល់ប្រឹក្សាផ្លូវចិត្តនេះបង្កើតឡើងដើម្បីផ្តល់សេវាប្រឹក្សាយោបល់ប្រកប ដោយសុវត្ថិភាពសម្រាប់ស្ត្រី និងកុមារី ដោយស្ត្រី និងកុមារីអាចផ្តល់ជាពត៌មានជូនដល់មន្ត្រីផ្តល់សេវាថ្នាក់មូលដ្ឋានឱ្យបានដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងបរិបទគ្រាអាសន្ន និងភាពងាយរងគ្រោះដែលអាចកើតឡើងទាក់ទងនឹងអំពើហិង្សាយេនឌ័រក្នុងគ្រាអាសន្ន ព្រមទាំងការផ្តល់ជាចំណេះដឹងជូនដល់មន្ត្រីផ្តល់សេវាថ្នាក់មូលដ្ឋានឱ្យបានដឹងអំពីមូលដ្ឋានសំខាន់ៗ ក្នុងការធ្វើការងារឆ្លើយតបនឹងអំពើហិង្សាផ្នែកយេនឌ័រក្នុងគ្រាអាសន្នផងដែរ។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា រាជរដ្ឋាភិបាលនឹងបន្តលើកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងភាពជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្ត្រី និងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

ដោយឡែក សម្រាប់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមបណ្ឌិត ហង្ស សាមឿន ថ្លែងថា បាន និងកំពុងបោះជំហានទៅមុខគួរឱកត់សម្គាល់ និងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន តាមរយៈការដាក់ឱ្យអនុវត្តនូវគោលការណ៍ផែនការជាតិការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ផែនការឆ្លើយតបគ្រោះអាសន្ន និងតាមរយៈការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន កម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍលើគ្រប់វិស័យ សំដៅពង្រឹង និងពង្រីកភាពធន់សេដ្ឋកិច្ចគ្រួសារ និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រី និងកុមារនៅក្នុងគ្រួសារក្រីក្រ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





