ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យការដ្ឋានពង្រីកស្ពានបេតុងទួលខ្សាច់ ក្រុងព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦--
រសៀលថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ញើញដឹកនាំមន្ត្រីចុះពិនិត្យ មើលការដ្ឋានពង្រីកស្ពានបេតុងទួលខ្សាច់ ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

បើតាមសប្បុរសជនលោកឧកញ៉ា គុយ ណាត បានឪ្យដឹងថា ការពង្រីកស្ពានបេតុងទួលខ្សាច់សងខាង គឺម្ខាងមានចំនួន ២ម៉ែត្រ និងម្ខាងទៀត ៧ម៉ែត្រ និងមានបណ្តោយប្រវែង ១០ម៉ែត្រ ទន្ទឹមនោះ ក៏ពង្រីកផ្លូវកែងច្រមុះជ្រូកទាំងសងខាង ដោយម្ខាង ៧ម៉ែត្របន្ថែមទៀត ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ដោយ សារតែកន្លងមកផ្លូវទួលខ្សាច់នេះមានរាងតូច ធ្វើឱ្យចរាចរណ៍មានការកកស្ទះ ។ នៅពេលផ្លូវនេះពង្រីករួចរាល់ការធ្វើចរាចរណ៍នៅតាមបណ្តោយផ្លូវនេះនឹងមានភាពងាយស្រួល ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណគុណជូន ចំពោះលោកឧកញ៉ា និងសប្បុរសជនដែលបានចូលរួមជួយសាងសង់ពង្រីកស្ពានទួលខ្សាច់ និងការពង្រីកផ្លូវច្រមុះជ្រូកនេះឱ្យបានធំទូលាយជាងមុន ដើម្បីជួយសម្រួលចរាចរណ៍ផ្លូវនេះកាន់តែមានភាពងាយស្រួលជាងមុន និងសូមជូនពរលោកឧកញ៉ា និងបងប្អូនសប្បុរសជនក្នុងខេត្តជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ របស់យើងកាន់តែមានភាពស្រស់ស្អាត និងជាការទាក់ទាញជាទីក្រុងទេសចរណ៍ វិនិយោគ និងជាទីក្រុងហិរញ្ញវត្ថុ ស្ថិតនៅទិសនីរតី នៃប្រទេសកម្ពុជា ។

សូមរម្លឹកថា ថ្មីៗនេះលោកឧកញ៉ា គុយ ណាត បានសហការជាមួយបងប្អូនសប្បុរសជនចំនួន ៣នាក់ផ្សេងទៀត បានរួមគ្នាសាងសង់ផ្លូវបេតុងមួយខ្សែធ្វើអំពីបេតុង ឆ្អឹងដែកមានបណ្ដោយ ៧៩៧ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ព្រមទាំងដាក់លូអមសងខាងផ្លូវ ៕
ដោយ ងូ សុមុនី





