សហព័ន្ធកីឡាឡើងភ្នំកម្ពុជាប្រកាសរៀបចំវគ្គបណ្ដុះបណ្តាល និងផ្សព្វផ្សាយកីឡាឡើងភ្នំ នៅខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦--
សហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានប្រកាសរៀបចំវគ្គបណ្ដុះបណ្តាល និងផ្សព្វផ្សាយកីឡាឡើងភ្នំ ចាប់ពីថ្ងៃទី២១-២២ ខែមិនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដោយប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសពិធីបើកវគ្គមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តសៀមរាប ឯកឧត្តម ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា និងមន្រ្តីសហព័ន្ធជាច្រើនរូបទៀត ពិសេសមានការចូលរួមដោយតារាកិត្តិយសល្បីៗជាច្រើនរូបទៀត។

មន្ត្រីសហព័ន្ធបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំ សម្រាប់សាធារណជន កីឡាករ កីឡាការិនី គ្រូបង្វឹក និងអាជ្ញាកណ្តាល កម្រិត១-២របស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា (ស.ឡ.ក) ធ្វើឡើងដើម្បីអភិវឌ្ឍកីឡាឡើងភ្នំនៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើនទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមលក្ខន្តិកៈ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ សហព័ន្ធកីឡាឡើងភ្នំកម្ពុជានឹងរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំ សម្រាប់សាធារណជន កីឡាករ កីឡាការិនី គ្រូបង្វឹក និង អាជ្ញាកណ្តាល កម្រិត១-២ ដែលប្រព្រឹត្តទៅនាថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប និងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន។
វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងក្នុងគោលបំណងផ្តល់ជូនទៅសិក្ខាកាមឱ្យបានយល់ដឹងពីបច្ចេកទេសនៃការឡើងភ្នំ ច្បាប់កីឡានានា និងគោលការណ៍ចម្បងនៃការដាក់ពិន្ទុ ដែលជាការត្រៀមសម្រាប់ការរៀបចំប្រកួតថ្នាក់ជាតិនាពេលខាងមុខនេះ រួមទាំងផ្សព្វផ្សាយពីបច្ចេកទេសកីឡាឡើងភ្នំថ្មីៗ និងការអនុវត្តផ្ទាល់ពីបច្ចេកទេសនៃការឡើងភ្នំធម្មជាតិ ដែលមានទីតាំងនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែនផងដែរ៕ ដោយ ហេង ណាលីន (រូបភាព៖ សហព័ន្ធកីឡាឡើងភ្នំកម្ពុជា)





