កិត្តិសង្គហបណ្ឌិត គន់ គីម នាំយកអំណោយសម្តេច ហោ ណាំហុង ចែកជូនពលរដ្ឋភៀសសឹក ១,០០០គ្រួសារ នៅស្រុកអូរជ្រៅ
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦--
ក្នុងស្មារតី «ខ្មែរជួយខ្មែរ» និងការមិនបោះបង់ពលរដ្ឋណាម្នាក់ឱ្យនៅឯកោក្នុងគ្រាមានអាសន្ន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយសង្គ្រោះបន្ទាន់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១,០០០គ្រួសារដែលបានគេចចេញពីសង្គ្រាមឈ្លានពានពីសណាក់ភាគីថៃលើដែនអធិបតេយ្យភាពកម្ពុជាកន្លងមក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីសំណេះសំណាលដ៏មានអត្ថន័យនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខដោយក្តីនឹក រលឹកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេច ហោ ណាំហុង ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។
ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាល និងសប្បុរសជន តែងតែនៅជាប់ជាមួយបងប្អូនជានិច្ច។ អំណោយដែលនាំមកចែកជូននៅថ្ងៃនេះ គឺជាសក្ខីភាពនៃទឹកចិត្តសប្បុរសធម៌របស់សម្តេច ហោ ណាំហុង ដែលលោកតែងតែគិតគូរពីទុក្ខលំបាក និងការហូបចុករបស់បងប្អូនភៀសសឹក ដើម្បីរួមចំណែកសម្រាលបន្ទុកជីវភាពក្នុងគ្រាដ៏លំបាកនេះ។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុំ រាត្រី ដែលបានរៀបចំមណ្ឌលសុវត្ថិភាពបានយ៉ាងល្អ និងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។
អំណោយដែលបានចែកជូនដល់គ្រួសារនីមួយៗរួមមានគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនមុខ ដើម្បីធានាថាបងប្អូនមានស្បៀងអាហារគ្រប់គ្រាន់ក្នុងអំឡុងពេលស្នាក់នៅមណ្ឌលសុវត្ថិភាព។ នៅពីក្រោយស្នាមញញឹមដែលលាយឡំដោយតំណក់ទឹកភ្នែក បងប្អូនប្រជាពលរដ្ឋភៀសសឹកបានសម្តែងនូវក្តីរំភើបយ៉ាងខ្លាំង។
លោកយាយ មុំ ដែលជាពលរដ្ឋម្នាក់ក្នុងមណ្ឌលសុវត្ថិភាពបានរៀបរាប់ទាំងក្តុកក្តួលថា «ខ្ញុំពិតជាអរគុណដល់សម្តេច ហោ ណាំហុង និងលោកតា គន់ គីម ខ្លាំងណាស់។ កាលពីមកដល់ដំបូង ពួកខ្ញុំបារម្ភរឿងអត់បាយអត់ទឹក តែឥឡូវថ្នាក់ដឹកនាំចុះមកដល់កន្លែង ហើយផ្តល់អំណោយបែបនេះ ធ្វើឱ្យពួកខ្ញុំមានកម្លាំងចិត្ត និងមានអារម្មណ៍ថាកក់ក្តៅ មិនត្រូវបានគេបោះបង់ចោលឡើយ»។

បុរសម្នាក់ទៀត ដែលបានភៀសខ្លួនមកជាមួយកូនតូចៗ បានលើកឡើងថា អំណោយទាំងនេះពិតជាមានតម្លៃណាស់សម្រាប់គ្រួសារគាត់ក្នុងគ្រាដែលគ្មានទីជម្រកច្បាស់លាស់បែបនេះ ហើយគាត់សូមបួងសួងឱ្យថ្នាក់ដឹកនាំទាំងអស់ជួបតែសេចក្តីសុខ ដើម្បីបន្តជួយដល់ប្រជារាស្ត្របន្តទៀត។
សកម្មភាពចុះចែកអំណោយនាឱកាសនេះ មិនត្រឹមតែជាការផ្តល់ស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវ «ក្តីសង្ឃឹម» និង «ភាពកក់ក្តៅ» ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដែលបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំរបស់ជាតិខ្មែរ៕
ដោយ ឈុន សារ៉ាត





