ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តទួលអណ្ដែត ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ -- ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេណទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានដឹកនាំក្រុមការងារនាំយកទេយ្យទានជាច្រើន រួមមានគ្រឿងឧបភោគបរិភោគ និងបច្ច័យ វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តទួលអណ្ដែត និងវត្តចំនួន ២៦ ទៀត ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាពេលកន្លងមក។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពុទ្ធបរិស័ទ បានវេរភត្តាហារ បង្អែម នំចំណី និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ ដើម្បីជាបច្ច័យដល់ការសិក្សាធម៌វិន័យ និងចំណាយផ្សេងៗ ក្នុងវត្តអារាម ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ក៏បានឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងការការពារជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ជាពិសេសក្នុងអំឡុងពេលផ្ទុះអាវុធកាលពីពេលកន្លងទៅ ដែលបានបង្កការលំបាកដល់ប្រជាពលរដ្ឋ និងព្រះសង្ឃ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករឭកពី សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត រួមទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅសមរភូមិក្រោយ ប្រគេនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលនេះជាការបង្ហាញពីស្មារតីសាមគ្គីភាព ក្នុងការស្មារតីសាមគ្គីភាព និងការរួបរួមគ្នាក្នុងគ្រួសារខ្មែរតែមួយ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជាជនគ្រប់ទីកន្លែង។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដីបានបន្ថែមថា ការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារទាំងអស់ គឺពិតជាបានរួមចំណែកធ្វើឱ្យពិធីបុណ្យកាន់បិណ្ឌនេះប្រព្រឹត្តទៅប្រកបដោយភាពរីករាយ និងអត្ថន័យជ្រាលជ្រៅ ជាពិសេសបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងសង្គមជាតិខ្មែរ៕




ដោយ៖ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





