ផលវិបាកនៃកុបកម្មហិង្សានៅប្រទេសបារាំង៖ ចាប់ខ្លួនមនុស្ស ១.៨០០នាក់ អាជីវកម្ម ១.៥០០កន្លែងរងផលប៉ះពាល់ ប៉ូលិសជាង ៥០០នាក់រងរបួស និងការខូចខាតគិតជាទឹកប្រាក់រាប់រយលានអឺរ៉ូ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ -- ប្រទេសបារាំងកំពុងវាយតម្លៃការខូចខាតបន្ទាប់ពីជួបប្រទះនឹងថ្ងៃដ៏តានតឹងបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការតវ៉ាប្រឆាំងនឹងការកើនឡើងនៃថ្លៃចំណាយក្នុងជីវភាពរស់នៅបានប្រែក្លាយទៅជាអំពើហិង្សា និងកុបកម្មនៅទូទាំងប្រទេស។
យោងតាមការរាយការណ៍បានឱ្យដឹងថា មានមនុស្សជាង៥០០.០០០នាក់បានចូលរួមក្នុងការតវ៉ានៅទូទាំងប្រទេស ខណៈដែលការតវ៉ារបស់និស្សិតបានរួមបញ្ចូលគ្នាជាមួយកំហឹងរបស់ប្រជាជនទូទៅចំពោះបញ្ហាថ្លៃទំនិញ និងការកាត់បន្ថយការចំណាយសាធារណៈ។
ក្រុមអ្នកបង្កហិង្សាបានប៉ះទង្គិចជាមួយប៉ូលិស ព្រមទាំងវាយប្រហារលើអាជីវកម្ម និងអគារសាធារណៈនានា។ លោក អេមម៉ានុយអ៊ែល ហ្រ្គេហ្គ័រអភិបាលរងទីមួយនៃទីក្រុងប៉ារីស បានឱ្យដឹងថា ផ្លូវថ្នល់ជាច្រើនត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
លោក អាឡិនសាន់ដ្រេ បុមប៉ាដ នាយកប្រតិបត្តិនៃក្រុមហ៊ុនលក់រាយCarrefour និងជាប្រធានសហព័ន្ធពាណិជ្ជកម្ម និងការចែកចាយរបស់បារាំងបានប្រាប់បណ្តាញផ្សព្វផ្សាយបារាំង BFMTV ថា «យើងត្រូវបានគេលួចប្លន់ពេញមួយថ្ងៃ ហើយសម្ភារៈនានាក៏ត្រូវបានបំផ្លាញផងដែរ។ ការខូចខាតចំពោះហាង Carrefour គឺមានទំហំទឹកប្រាក់រាប់សិបលានអឺរ៉ូ។ ចំពោះវិស័យលក់រាយទាំងមូលនៅក្នុងប្រទេសបារាំង ការខូចខាតអាចនឹងកើនឡើងដល់រាប់រយលានអឺរ៉ូ»។
លោកបានបន្ថែមថា ការខូចខាតចំពោះហាងលក់រាយនានានៅក្នុងប្រទេសបារាំង នឹងមានទំហំទឹកប្រាក់រាប់រយលានអឺរ៉ូ។
លោកស្រី ឡាមីយ៉ា អ៊ែល អារ៉ាជេ អភិបាលរងទីមួយនៃទីក្រុងប៉ារីសបានលើកឡើងថា ទីក្រុងនេះខ្វះខាតកម្លាំងប៉ូលិសដើម្បីធានាសុវត្ថិភាពសាធារណៈក្នុងអំឡុងពេលមានកុបកម្មកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ យោងតាមរបាយការណ៍ បានឱ្យដឹងថា ផលប៉ះពាល់រួមមាន មនុស្សជិត១.៨០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ក្នុងនោះមានចំនួន ៨៥៥នាក់នៅទីក្រុងប៉ារីស ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ មន្ត្រីប៉ូលិសជាង៥០០នាក់ និងអ្នកពន្លត់អគ្គិភ័យ ០២នាក់បានរងរបួស។ ហាង និងអាជីវកម្មលក់រាយយ៉ាងហោចណាស់ ១.៥០០កន្លែងបានរងការវាយប្រហារ ដោយការខូចខាតត្រូវបានប៉ាន់ប្រមាណថាមានទំហំទឹកប្រាក់រាប់រយលានអឺរ៉ូ។សាលាក្រុង Limoges ដែលមានអាយុកាល ១៤៣ឆ្នាំត្រូវបានភ្លើងឆេះបំផ្លាញមួយផ្នែក ហើយនៅទីក្រុង Bordeaux វិញ មានហាងរហូតដល់១០០កន្លែងត្រូវបានគេរាយការណ៍ថាត្រូវបានលួចប្លន់។ អ្នកតវ៉ាម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគាំងបេះដូងក្នុងអំឡុងពេលមានការតវ៉ានៅទីក្រុងប៉ារីស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





