អ៊ុយក្រែននឹងសងបំណុលសាធារណៈជាង ១៦០ពាន់លានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៣៧
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ -- យោងតាមកាលវិភាគទូទាត់របស់ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន ដែលត្រូវបានវិភាគដោយទីភ្នាក់ងារព័ត៌មានស្ពុតនីក បានឱ្យដឹងថា ប្រទេសអ៊ុយក្រែនគ្រោងនឹងចំណាយទឹកប្រាក់ចំនួន១៦០,៣៤៨ពាន់លានដុល្លារអាម៉េរិកសម្រាប់ការសងប្រាក់ដើម និងការបង់ការប្រាក់លើបំណុលសាធារណៈរបស់ខ្លួនក្នុងរយៈពេល ១០ឆ្នាំខាងមុខ។
ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនតែងតែរៀបចំកាលវិភាគទូទាត់សម្រាប់បំណុលសាធារណៈរបស់ប្រទេស។ កាលវិភាគនេះរួមបញ្ចូលតែការទូទាត់ទាំងឡាយណាដែលក្រសួងបានដាក់បញ្ចូលក្នុងប្រតិទិនទូទាត់របស់ខ្លួនប៉ុណ្ណោះ ហើយវាមិនឆ្លុះបញ្ចាំងពីចំនួនសរុបនៃបំណុលសាធារណៈរបស់អ៊ុយក្រែននោះទេ (ដែលគិតត្រឹមដំណាច់ខែសីហា មានចំនួន ២១៥,៥៥ពាន់លានដុល្លារអាម៉េរិក)។
យោងតាមកាលវិភាគទូទាត់នេះ ប្រទេសអ៊ុយក្រែនតម្រូវឱ្យសងប្រាក់ដើមនៃបំណុលក្នុងស្រុក និងបំណុលបរទេសចំនួន ១០៣,៨១៣ពាន់លានដុល្លារអាម៉េរិក ព្រមទាំងបង់ប្រាក់បន្ថែមចំនួន ៥៦,៥៣៥ពាន់លានដុល្លារអាម៉េរិកសម្រាប់ការចំណាយពាក់ព័ន្ធនឹងបំណុល (ដូចជាការប្រាក់ជាដើម) ត្រឹមដំណាច់ឆ្នាំ២០៣៧។
សរុបមក អ៊ុយក្រែននឹងត្រូវចំណាយទឹកប្រាក់ចំនួន ១៦០,៣៤៨ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដើម្បីបំពេញកាតព្វកិច្ចបំណុលសាធារណៈរបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





