រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ អ៊ីរ៉ង់ត្រៀមខ្លួនជួយបញ្ចប់អរិភាពរវាងទីក្រុងរីយ៉ាដ និងក្រុមហ៊ូធី
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកអាបាស អារ៉ាកឈី បាននិយាយកាលពីពេលថ្មីៗនេះថា ក្នុងអំឡុងពេលកិច្ចពិភាក្សាជាមួយសមភាគីអេហ្ស៊ីប លោក បាដឺរ អាប់ឌែលឡាតទី ថាប្រទេសអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយបញ្ចប់អរិភាពរវាងអារ៉ាប៊ីសាអូឌីត និងចលនាស៊ីអ៊ីត អាន់សារ អាឡោះ (ដែលគេស្គាល់ថាជាក្រុមហ៊ូធី) ដែលគ្រប់គ្រងតំបន់ភាគខាងជើងនៃប្រទេសយេម៉ែន។
សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើកម្មវិធីតេឡេក្រាមបាននិយាយថា «រដ្ឋមន្ត្រីការបរទេសនៃប្រទេសយើង បានបង្ហាញពីឆន្ទៈរបស់អ៊ីរ៉ង់ ក្នុងការផ្តល់ជំនួយគ្រប់រូបភាពដើម្បីបញ្ចប់អរិភាពរវាងអារ៉ាប៊ីសាអូឌីត និងយេម៉ែន ដោយសង្កត់ធ្ងន់ថា បទពិសោធន៍នៃភាពតានតឹង និងការប៉ះទង្គិចគ្នាអស់រយៈពេល ១២ឆ្នាំមកនេះ បានបង្ហាញឱ្យឃើញថា មិនមានដំណោះស្រាយតាមផ្លូវយោធាសម្រាប់បញ្ហានៅយេម៉ែននោះទេ ហើយក៏គ្មានមធ្យោបាយណាមួយដើម្បីដោះស្រាយបញ្ហានេះតាមវិធីនោះដែរ»។
សេចក្តីថ្លែងការណ៍ដដែលនោះបានកត់សម្គាល់ថា រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាព្រឹត្តិការណ៍នានានៅក្នុងតំបន់ និងអន្តរជាតិផងដែរ។ ក្នុងអំឡុងពេលនៃជំនួបនោះ លោកអារ៉ាកឈី និងលោក អាប់ឌែលឡាតទី ក៏បានលើកឡើងអំពីបញ្ហាប្រទេសប៉ាឡេស្ទីនផងដែរ។
រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ភាពមិនស្ថិតស្ថេរនៅក្នុងតំបន់ច្រកសមុទ្រហ័រមុស គឺជាផលវិបាកដែលកើតចេញពីសកម្មភាពនានារបស់សហរដ្ឋអាមេរិក។ លោក អារ៉ាកឈី បានបន្ថែមថា ប្រទេសអ៊ីរ៉ង់តែងតែប្រកាន់ខ្ជាប់នូវការទូត និងវិធីសាស្ត្រប្រកបដោយការទទួលខុសត្រូវ ដើម្បីកាត់បន្ថយភាពតានតឹង។
សកម្មភាពយោធារវាងក្រុមហ៊ូធី និងប្រទេសអារ៉ាប៊ីសាអូឌីត បានកើនឡើងខ្លាំងនៅក្នុងខែសីហា បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់រយៈពេល៤ឆ្នាំ។ ស្ថានការណ៍នេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ូធីបានចាប់ផ្តើមវាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងសមុទ្រក្រហមដើម្បីឆ្លើយតបទៅនឹងការបាញ់ផ្លោងទៅលើអាកាសយានដ្ឋានក្រុងសាណាអា ដោយកងទ័ពយេម៉ែន ដែលទទួលបានការគាំទ្រពីទីក្រុងរីយ៉ាដ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





