ឯកឧត្តម មាន ចាន់យ៉ាដា នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារវីរកងទ័ពកងការពារព្រំដែនគោក៤០៣ និងផ្នែកសឹករងក្នុងស្រុកអន្លង់វែងចំនួន២៥៤គ្រួសារ
AKP ឧត្តរមានជ័យ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម មាន ចាន់យាដា អភិបាលខេត្តឧត្តរមានជ័យ បាននាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារវីរកងទ័ពកងការពារព្រំដែនគោក៤០៣ និងផ្នែកសឹករងក្នុងស្រុកអន្លង់វែងចំនួន២៥៤គ្រួសារ ព្រមទាំងគ្រួសារកងទ័ពជួរមុខដែលមានផ្ទៃពោះនឹងទទួលបានសេវាព្យាបាលជំងឺ និងសេវាពេលសម្រាលកូនដោយឥតគិតថ្លៃ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥។


ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា ដោយទទួលបានការណែនាំនិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម បាននាំយកអំណោយមនុស្សធម៌មកចែកជូនគ្រួសារវីរកងទ័ពកងការពារព្រំដែនគោក៤០៣ នឹងផ្នែកសឹករងក្នុងស្រុកអន្លង់វែងចំនួន២៥៤គ្រួសារ។

ឯកឧត្តមអភិបាលខេត្តក៏បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ច្ពស់ជានិច្ចចំពោះវីរកងទ័ព និងក្រុមគ្រួសារកងទ័ពទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ ឯកឧត្តមសូមឱ្យបងប្អូនទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាចំពោះសុខភាព ជាពិសេសចំពោះកុមារតូចៗ៕


ដោយ ទិត ស្រ៊





