គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាលបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ២០២៦ និងលើកទិសដៅបន្ត
AKP កណ្ដាល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦-- រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាល តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រី នាយករងរដ្ឋបាល មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធតាមប្រព័ន្ធអនឡាញ Zoom ផងដែរ។

លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការខេត្ត គ.ខ.ប.ជ ក៏បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការទប់ស្កាត់ និងបង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ក្នុងន័យធានាទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់គ្រប់រូបភាព ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារជាដើម ជាពិសេសត្រូវផ្សព្វផ្សាយបំផុសឱ្យបានញឹកញាប់ ចំពោះមូលដ្ឋានភូមិ-ឃុំណាដែលមានបញ្ហាខាងលើនេះកើតឡើងច្រើន។

លោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមក ក្នុងការបង្ការបង្ក្រាបទប់ស្កាត់អំពើជួយដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានយល់ជ្រាបអំពីការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សបានយ៉ាងមានប្រសិទ្ធភាព។

លោកស្រីអភិបាលរងខេត្តបានស្នើដល់អង្គប្រជុំទាំងមូលត្រូវធ្វើការពិនិត្យពិសេសចំពោះប្រជាពលរដ្ឋដែលទើបត្រឡប់មកពីព្រំដែនដែនមិនទាន់មានការងារធ្វើ អាជ្ញាធរក្រុងស្រុកត្រូវទាក់ទងទៅមន្ទីរការងារ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





