ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បីណែនាំខ្លួនរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ពិសេសគឺកិច្ចពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងបានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ដែលបានអភិវឌ្ឍយ៉ាងល្អប្រសើរ នៅក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត។
ឯកឧត្តមសាស្រ្តាចារ្យបានគូសបញ្ជាក់ថា វិស័យសុខាភិបាលកម្ពុជា បាន និងកំពុងបន្តអភិវឌ្ឍក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងសុខភាពសាធារណៈ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លង ការលើកកម្ពស់សេវាសុខាភិបាលនៅមូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍបរិវត្តិកម្មសុខាភិបាលឌីជីថល និងការពង្រឹងធនធានមនុស្ស។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានលើកឡើងពីតម្រូវការសហការបន្ថែមជាមួយភាគីសិង្ហបុរី ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈអាហារូបករណ៍ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ លើវិស័យសុខាភិបាល ដូចជា ការសង្គ្រោះបន្ទាន់ ជំងឺឆ្លង និងការគ្រប់គ្រងមន្ទីរពិសោធន៍ និងសុខាភិបាលឌីជីថល។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរីបានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យសុខាភិបាល និងបានបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលសិង្ហបុរី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស និងការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាសុខាភិបាល។

ជំនួបនេះបានបញ្ចប់ដោយភាពស្និទ្ធស្នាល កក់ក្តៅ និងប្រកបដោយការតាំងចិត្តពង្រីកសមត្ថភាពបន្ថែមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត៕
ដោយ ទេស ច័ន្ទសុធា





