សាលាពុទ្ធិកសិក្សាខេត្តប៉ៃលិនបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧
AKP ប៉ៃលិន ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦-- សាលាពុទ្ធិកសិក្សានៅទូទាំងខេត្តប៉ៃលិន បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅសាលាពុទ្ធិកអនុវិទ្យាល័យ ហ៊ុនសែនប៉ៃលិន ដែលមានទីតាំងស្ថិតនៅក្នុងវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមព្រះរាជធិបតីភាពសម្តេចព្រះឧត្តមវង្សា គូ សុភាព ព្រះសមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសោភ័ណ្ឌរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន គណៈមហានិកាយ ព្រះទេសន៍ប្រជានិយម ផាយ រឹទ្ធី ព្រះបាឡាត់គណខេត្តប៉ៃលិន គណៈធម្មយុត្តិកនិកាយ ព្រះវិជ្ជារតនញ្ញាណ ក្តៀង សារ៉ាត់ ព្រះបាឡាត់គណខេត្តប៉ៃលិន គណៈមហានិកាយ និងជាព្រះនាយកនៃពុទ្ធិកអនុវិទ្យាល័យហ៊ុនសែនប៉ៃលិន លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត លោកអាចារ្យ គណៈកម្មការវត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសមណៈសិស្ស ជាច្រើនអង្គ/ រូបផងដែរ។

លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយពុទ្ធិកសិក្សា ចាប់ពីកម្រិតបឋមរហូតដល់ឧត្តមសិក្សា និងធ្វើឱ្យមានសុខដុម រវាងសាសនាទាំង អស់នៅក្នុងប្រទេសកម្ពុជា។ ព្រះសង្ឃ គឺជាធនធាន ជាសសរទ្រូងដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាយើងអោយមានការរីកចម្រើន ក៏ដូចជាមជ្ឈមណ្ឌលនៃប្រពៃណីវប្បធម៌ដ៏សំបូរបែបរបស់ប្រជាជនកម្ពុជា ពិសេសក្នុងដំណាក់កាលមួយដែលខ្មែរយើងជួបប្រទះនូវមហន្តរាយ ដោយសារសង្គ្រាម និងបនប្រល័យពូជសាសន៍ប៉ុលពត។ លោកអភិបាលរងខេត្ត សង្ឃឹមថា ព្រះសង្ឃទាំងអស់នឹងខិតខំសិក្សា ប្រតិបត្តិតាមពុទ្ធវិន័យ និងច្បាប់រដ្ឋ ដើម្បីបណ្តុះបណ្តាលធនធានព្រះសង្ឃរបស់យើងប្រកបដោយគុណភាព។

សម្តេចព្រះឧត្តមវង្សា គូ សុភាព បានមានព្រះបន្ទូលសម្ដែងការរីករាយ កោតសរសើចំពោះថ្នាក់ដឹកនាំខេត្តប៉ៃលិនគ្រប់លំដាប់ថ្នាក់ ពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដែលបានប្រែក្លាយខេត្តប៉ៃលិន ពីសមរភូមិប្រយុទ្ធដ៏ក្តៅមួយ មកជាតំបន់ដែលមានការអភិវឌ្ឍរីកចម្រើន មានភាពស្រស់ស្អាត ស៊ីវិល័យ និងជាមជ្ឈមណ្ឌលវប្បធម៌ ធនធានមនុស្សដ៏សំបូរបែបមួយនៅក្នុងប្រទេស។ ព្រះអង្គក៏មានបន្ទូលកោតសរសើរចំពោះគណៈសង្ឃ លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធ ដែលបានអភិវឌ្ឍវិស័យអប់រំក្នុងខេត្តប៉ៃលិន និងបានលើកទឹកចិត្តសមណសិស្ស និងសិស្សានុសិស្សទាំងអស់ ឱ្យខិតខំរៀនសូត្រ ប្រកាន់វិន័យល្អ និងត្រៀមខ្លួនដើម្បីទទួលចំណេះដឹងថ្មីៗក្នុងឆ្នាំសិក្សានេះ។

គួរបញ្ជាក់ថា បើតាមព្រះ វិជ្ជារតនញ្ញាណ ក្តៀង សារ៉ាត់ ព្រះបាឡាត់គណខេត្ត និងជានាយកសាលាពុទ្ធិកអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ប៉ៃលិន បានមានសង្ឃដីការថា គ្រប់សាលារៀនទាំងអស់បានអនុវត្តកម្មវិធីអប់រំ តាមគោលការណ៍ក្រសួងធម្មការ ដោយផ្តោតលើគុណភាព វិន័យ និងសុចរិតភាព។ ព្រះអង្គបានបន្តថា នៅក្នុងខេត្តប៉ៃលិន មានសាលាពុទ្ធិកបឋមសិក្សា៖ ៩ សាលា មាន១៥បន្ទប់ និងមាន សិស្ស សមណសិស្សចំនួន២៣៩អង្គ/នាក់ គ្រូ១៨អង្គ/នាក់។ ពុទ្ធិកមធ្យមសិក្សា មាន១ សាលា ស្មើ៣បន្ទប់ សិស្សសរុបចំនួន៦១អង្គ/នាក់ និងមុខវិជ្ជាសិក្សាចំនួន១៥មុខវិជ្ជា សម្រាប់សាលាពុទ្ធិកអនុវិទ្យាល័យ រីឯពុទ្ធិកបឋមសិក្សាមាន១១មុខវិជ្ជា៕

ដោយ វួច ពឿន





