អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ នៅថ្ងៃនេះបានបញ្ចប់ទៅដោយជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥--
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ទៅដោយជោគជ័យ ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំពិសេសរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជាពិសេសការឯកភាពគ្នាថានឹងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងចៀសវាងការប៉ះទង្គិចគ្នា។ ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាង កម្ពុជា-ថៃ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រជុំខាងលើនេះភាគីទាំងពីរ កម្ពុជា-ថៃ បាន គូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិតដើម្បីកសាងទំនុកចិត្ត និង លើកកម្ពស់ភាពជាអ្នកជិតខាងល្អ ដែលតាមរយៈការប្រាស្រ័យទាក់ទងគ្នានេះភាគីទាំងពីរបានសង្កត់ធ្ងន់លើវិវត្តន៍ជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយនឹងគោលបំណងរួមគ្នានៃការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ លោកជំទាវ ឧត្តមសេនីយ៍ឯកបានបន្តថា បន្ថែមពីលើនេះភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល ដើម្បីការទំនាក់ទំនងនៅគ្រប់កម្រិត ដែលរួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា ខណៈដែលភាគីទាំងពីរក៏បានពិចារណាអំពីលទ្ធភាពក្នុងការបង្កើតគណៈកម្មាធិការមូលដ្ឋានព្រំដែន ដែលមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់យោធភូមិភាគ៕ដោយ៖ ចាន់ សុភឿន





