ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការបំពាក់កាំមេរ៉ាសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនកាមេរ៉ាសុវត្ថិភាព។

តំណាងក្រុមហ៊ុនបានឱ្យដឹងថា ជំហានទី១ យើងបានបំពាក់កាមេរ៉ាសុវត្ថិភាពរួចរាល់ចំនួន ៤៣៣ទីតាំង ដែលមានកាមេរ៉ាចំនួន ៥៣៣គ្រាប់ ដោយឡែកការសិក្សាជំហានទី២ បំពាក់កាមេរ៉ាលើ ១០០ទីតាំងបន្ថែម ដែល មានកាមេរ៉ាចំនួន ១៣៣គ្រាប់ និងជំហានទី៣ សិក្សាទីតាំងចំនួន២៣បន្ថែមទៀតតាមជំហាននីមួយៗ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានាពេលនេះ ដើម្បីរួមគ្នាត្រួតពិនិត្យកាមេរ៉ានៅតាមទីតាំងមួយចំនួន និងការបំពាក់បន្ថែមនូវ កាមេរ៉ាចំនួន ១០០ទីតាំងថ្មីបន្ថែម ដែលមានកាមេរ៉ា១៣៣គ្រឿង នៅតាមដងផ្លូវដែលមានភាពស្មុគស្មាញ នៅក្នុងភូមិសាស្ត្រមួយចំនួនក្នុងក្រុង ខេត្តព្រះសីហនុ ដើម្បីបង្កើនសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ។


ឯកឧត្តមក៏បានបញ្ជាក់ថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមចំណុចគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងកំណត់មុខសញ្ញាក្រុមចោលួច ឆក់ ក៏ដូចជនខិល ខូចមួយចំនួនដែលប្រព្រឹត្តបទល្មើសក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីយើងមានមូលដ្ឋានច្បាស់លាស់សម្រាប់កំណត់មុខសញ្ញាឈានទៅធ្វើការបង្ក្រាបបទល្មើសបានទាន់ពេលវេលា៕
ដោយ ងូ សុមុនី





