កងការពារព្រំដែនលេខ៦០១ល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥-- លោកវរសេនីយ៍ត្រី ឥន្ទ ចាន់ថន មេបញ្ជាការកងអនុសេនាធំល្បាតទី៣នៃកងការពារព្រំដែនលេខ ៦០១ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្រ្តតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។

លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ជូនដល់យោធិន រួមនឹងបានជំរុញអោយគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតឱ្យបានជាប់ជាប្រចាំ និងបានដាក់ចេញនូវបទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ។


ជាលទ្ធផលកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តកណ្តាលរបស់កងអនុសេនាធំល្បាតទី៣ ស្ថិតក្រោមមេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានពិត្យឃើញថា សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





