អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការព្យាយាមមួលបង្កាច់របស់ភាគីថៃ ចង់ឱ្យខ្មែរបែកបាក់ គ្មានប្រសិទ្ធភាពឡើយ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ -- ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លើយតបចំពោះមន្ត្រីថៃជាច្រើន មានទាំងស៊ីវិល យោធា និងសារព័ត៌មានបានប្រឌិតព័ត៌មានភូតកុហកយ៉ាងច្រើន ក្នុងចេតនាមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា និង ថ្នាក់ដឹកនាំកម្ពុជា ក្នុងចេតនាបញ្ឆេះកំហឹងប្រជាពលរដ្ឋខ្មែរឱ្យខឹងសម្បាជាមួយថ្នាក់ដឹកនាំ ដើម្បីបំបែកបំបាក់មហាសាមគ្គីភាពដ៏រឹងមាំរបស់កម្ពុជា។

ការឆ្លើយតប របស់ឯកឧត្តម ប៉ែន បូណា ធ្វើឡើងនៅក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយឯកឧត្តម បានគូសបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់ម៉្យាងទៀតគឺ នៅពេលដែលពួកគេជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ តែបែរជាមន្ត្រីម្នាក់ៗនិយាយថា កម្ពុជាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ និយាយគ្រាន់តែបិទបាំងអ្វីដែលពួកគេបានធ្វើប៉ុណ្ណោះ។ ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនឡើងវិញថា«ការនិយាយភូតកុហកទាំងអស់នេះមិនសមទំនងទាល់តែសោះ ពោលគឺជាការភូតកុហកមួលបង្កាច់ចំពោះរឿងដែលគ្រប់គ្នាបានដឹងអស់បាត់ទៅហើយ។ ដូច្នេះពួកគេប្រហែលជាធ្វើឱ្យប្រជាជនថៃខ្លួនឯងមួយចំនួនតូចជឿ តែប្រជាពលរដ្ឋខ្មែរ និងសាធារណៈមតិជាតិជាទូទៅ មិនជឿទាល់តែសោះ ពីព្រោះពេលនេះអ្វីៗគ្រប់យ៉ាង ត្រូវបានបើកចំហនៅចំពោះមុខក្រសែភ្នែកមហាជន និងសហគមន៍អន្តជាតិយ៉ាងទូលំទូលាយ»។
អ្នកនាំពាក្យសួមបញ្ជាក់ជូនភាគីថៃវិញថា «ពេលនេះគឺជាពេលវេលាដែលភាគីទាំងពីរត្រូវបង្ហាញការពិត ការប្ដេជ្ញាចិត្តដោយភាពស្មោះត្រង់ និងសុឆន្ទៈនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជននៃប្រទេសទាំងពីរ។ បើភាគីថៃមានអ្វីត្រូវដោះស្រាយជាមួយប្រជាជនរបស់ខ្លួន សូមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនឯងចុះ មិនចាំបាច់បង្វែរស្ថានការណ៍ទម្លាក់កំហុសមកកម្ពុជាតាមរយៈការបង្កើតព័ត៌មានភូតកុហកនោះឡើយបាទ ពីព្រោះវិធីសាស្ត្រនេះគ្មានប្រសិទ្ធភាពទៀតទេ ដែលមហាជនទូទៅគេទទួលបានព័ត៌មានយ៉ាងទូលំទូលាយរួចស្រេចទៅហើយ»។
ដោយឡែកប្រជាជនកម្ពុជាមានការយល់ដឹងគ្រប់គ្រាន់និងចេះបែងចែកអាក្រក់និងល្អ សនិងខ្មៅយ៉ាងច្បាស់ ដូច្នេះហើយការបញ្ចេញព័ត៌មានភូតកហកចោទប្រកាន់ថ្នាក់ដឹកនាំកម្ពុជាក្នុងចេតនាបំបែកបំបាក់ប្រជាពលរដ្ឋខ្មែរពីថ្នាក់ដឹកនាំរបស់ខ្លួនគឺជារឿងអត់ប្រយោជន៍ ផ្ទុយទៅវិញចេតនាអាក្រក់បែបនេះវា កាន់តែជួយពង្រឹងសាមគ្គីភាពរវាងខ្មែរនិងខ្មែរឱ្យកាន់តែរឹងមាំរឿងដើម្បីការពារអធិបេត្យភាពជាតិ បូរណភាពទឹកដី និងការពារសេក្ដីថ្លៃថ្នូររបស់ខ្លួនចេញពីការប្រមាទមាក់ងាយ។
មហាសាមគ្គីជាតិខ្មែរនៅជុំវិញថ្នាក់ដឹកនាំ នៅជុំវិញកងទ័ព នៅជុំវិញកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី គ្មានឥទ្ធិពលអ្វីមកបំបែកបានឡើយ ជាពិសេសគឺព័ត៌មានមិនពិតរឹតតែគ្មានប្រយោជន៍ទាល់តែសោះក្នុងគោលបំណងបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ៕
ដោយ៖ គង់ សិរីរ័ត្ន





