សម្តេចព្រះព្រហ្មរតនមុនី ពិន សែម៖ ប្រទេសជាតិរីកចម្រើនបាន លុះត្រាណាប្រជាជនមានចំណេះដឹងខ្ពស់
AKP សៀមរាប ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦–សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោព្រះប្រធានថេរសភា ពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជតំណាងគណៈសង្ឃនាយក និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានមានសង្ឃដីកាបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២៦-២០២៧ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះថា ប្រទេសជាតិអាចរីកចម្រើនជឿនលឿនទៅបានលុះត្រាណាតែប្រជាជនមានចំណេះដឹងខ្ពង់ខ្ពស់ ក្នុងន័យនេះសម្តេចបានមានសង្ឃដីការសង្កត់ធ្ងន់ទៅលើព្រះសង្ឃដែលបានបួសហើយ ត្រូវខិតខំរៀនសូត្រ ជាពិសេសសមណសិស្សទាំងអស់ ព្រោះការបួសជាសង្ឃ គឺមានពេលវេលាជាច្រើនក្នុងការរៀនសូត្រ ដោយចង្ហាន់ និងសម្ភារសិក្សាគឺពុទ្ធបរិស័ទជាអ្នកជួយឧបត្ថម្ភគាំទ្រ។សម្តេចមានសង្ឃដីកាបន្តថា ព្រះពុទ្ធសាសនា បានបណ្តុះបណ្តាលមនុស្សឱ្យមានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងច្រើន និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាច្រើនផងដែរ។ដូចនេះការបួសជាព្រះសង្ឃត្រូវតែរៀនសូត្រឱ្យមានចំណេះដឹង បើបួសហើយមិនរៀននាំធ្វើឱ្យខូចដល់ពុទ្ធសាសនា។ សម្តេចព្រះព្រហ្មរតនមុនី មានសង្ឃដីការបន្តថា វត្តអារាម បានដើរតួនាទីយ៉ាងសំខាន់ ជាថ្នាលបណ្តុះបណ្តាលចំណេះដឹងដល់ព្រះ សង្ឃឱ្យក្លាយទៅជាបញ្ញវន្តសង្ឃ ប្រកដោយសក្តានុពល ។



លោក លី សារី អភិបាលរងខេត្តសៀមរាប បានមានប្រសាន៍ដែរថា ព្រះពុទ្ធសាសនា គឺជាសាសនា ធំជាងគេ លំដាប់លេខ១ ទទួលបានការជ្រោមជ្រែងពីរដ្ឋ ដែលមានអ្នកនិយមជឿរហូតដល់ទៅ ៩៧.៦% នៃប្រជាជនសរុប ទូទាំងខេត្តសៀមរាប។ ហើយកុលបុត្រខ្មែរ ដែលបានចូលមកបួសជាបព្វជិតត្រូវចូលសិក្សារៀនសូត្រទាំងផ្នែកសាសនា ទាំងផ្នែកចំណេះដឹងទូទៅ តាមរយៈសាលាពុទ្ធិកសិក្សាគ្រប់កម្រិត។នៅក្នុងខេត្តសៀមរាបនេះ ពុទ្ធិកសិក្សាមានលក្ខណៈពិសេសជាង បណ្តាខេត្តមួយចំនួនផ្សេងទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា គឺយើងមានសាលាតាំងពីពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកវិទ្យាល័យ។ នេះជាចំណុចល្អ បង្កនូវភាពងាយស្រួលដល់សមណសិស្ស/សិស្ស ក្នុងការសិក្សារៀនសូត្រ តាមប្រព័ន្ធពុទ្ធិកសិក្សានេះ ដូច្នេះ វត្តអារាមមិនត្រឹមតែដើរតួនាទី ក្នុងការបណ្តុះបណ្តាលព្រះសង្ឃឱ្យទៅជាធនធានសង្ឃដ៏ល្អសម្រាប់ព្រះពុទ្ធសាសនា ទាំងបច្ចុប្បន្នកាល និងបន្តទៅអនាគត។ ជាក់ស្តែងនៅទូទាំងខេត្តសៀមរាបមាន ៖ សាលាធម្មវិន័យចំនួន ៨១ ថ្នាក់ មានសមណសិស្សចំនួន ១.២៥៥ អង្គ/នាក់ សាលាពុទ្ធិកបឋមសិក្សា៥៣ សាលា មាន ៨១ ថ្នាក់ មានសមណសិស្សសរុបចំនួន ១.៦៤២ អង្គ/នាក់ សាលាពុទ្ធិកអនុវិទ្យាល័យ២កន្លែងមាន៩ថ្នាក់ មានសមណសិស្ស/សិស្ស សរុបចំនួន៣.៤១៥ អង្គ/នាក់ អង្គ សាលាពុទ្ធិកវិទ្យាល័យ១កន្លែង មាន ៣ ថ្នាក់ មានសមណសិស្សសរុបចំនួន ១០១ អង្គ/នាក់៕


ដោយ៖ ឃុត សៅ





