ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញចុះពិនិត្យការព្យាបាល និងសួរសុខទុក្ខវីរកងទ័ពកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ នាព្រឹកថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់លំដាប់ថ្នាក់។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានកោតសរសើរ និងដឹងគុណចំពោះវីរភាពអង់អាចក្លាហានរបស់វីរកងទ័ពការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋកម្ពុជា និងសូមផ្តាំផ្ញើការសួរសុខទុក្ខ ការនឹករលឹកចំពោះបងប្អូនកងទ័ពទាំងអស់ សូមជូនពរបានឆាប់ជាសះស្បើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ពិសេសការចុះចូលរួមចំណែកដោយផ្ទាល់ ចូលរួមជួយគាំទ្រផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ ក៏ដូចជាការគាំទ្រលើកទឹកចិត្តស្មារតី រួមគ្នាជាមួយថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៃខេត្តជាប់ព្រំដែន មានខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងបន្តទទួលអ្នកជំងឺមកថែទាំព្យាបាលនៅកម្រិតជាតិ។

ជាមួយគ្នានេះដែរឯកឧត្តមសាស្រ្តាចារ្យក៏បានចូលរួមដឹកនាំកិច្ចប្រជុំការងារកម្រិតបច្ចេកទេសឯកទេស ជាមួយគ្រូពេទ្យជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ ផ្តល់អនុសាសន៍ និងបញ្ជាក់បន្ថែមលើភាពជាក់លាក់នៃវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងព្យាបាល៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





