ឯកឧត្តម ឌិត ទីណា ចុះពិនិត្យស្ថានភាពស្រូវ និងផ្លូវទឹកនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះទៅជួបសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យដោយផ្ទាល់នូវស្ថានភាពស្រូវនៅឃុំរហាល ព្រមទាំងពិនិត្យប្រព័ន្ធផ្លូវទឹកនៅឃុំប្រាសាទ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការជាក់ស្ដែងរបស់ប្រជាកសិករក្នុងតំបន់ ព្រមទាំងផ្តល់នូវដំណោះស្រាយបច្ចេកទេស និងការគាំទ្រចាំបាច់នានា។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាកសិករនៅឃុំរហាល ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកសិកម្មតាមបច្ចេកទេសទំនើប ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយថ្លៃដើមផលិត។ យើងត្រូវតែយកចិត្តទុកដាក់លើការប្រើប្រាស់ពូជស្រូវល្អៗ ដែលមានទីផ្សារ និងមានភាពធន់នឹងអាកាសធាតុប្រែប្រួល។ ក្រសួងនឹងបន្តជួយផ្សព្វផ្សាយចំណេះដឹងបច្ចេកទេសដល់កសិករ ដូចជាការប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការចំណាយមានប្រសិទ្ធភាព និងទទួលបានផលខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឱ្យប្រជាកសិកររួបរួមគ្នាជាសហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការទទួលបានការគាំទ្រទាំងពីស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងមានអំណាចចរចាក្នុងការលក់ផលិតផលទៅកាន់ទីផ្សារ។ ទាក់ទងនឹងបញ្ហាទឹក ឯកឧត្តមបានសង្កត់ធ្ងន់ថា ទឹកគឺជាកត្តាចម្បងបំផុតសម្រាប់វិស័យកសិកម្ម។ ក្រសួងនឹងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាប្រព័ន្ធធារាសាស្ត្រ និងផ្លូវទឹក ដែលមានលក្ខណៈចាំបាច់សម្រាប់ការស្រោចស្រពដំណាំស្រូវនៅទីនេះ។
តំណាងកសិករនៅឃុំរហាល និងឃុំប្រាសាទ បានបង្ហាញនូវទឹកចិត្តរីករាយ និងក្ដីសង្ឃឹមយ៉ាងខ្លាំង ចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ។ លោក រតនា ជាតំណាងកសិករម្នាក់នៅឃុំរហាល បានលើកឡើងថា ពួកខ្ញុំពិតជារំភើបណាស់ដែលឯកឧត្តមរដ្ឋមន្ត្រីបានចំណាយពេលចុះមកជួបផ្ទាល់ និងស្វែងយល់ពីទុក្ខលំបាករបស់យើង។ យើងមានបញ្ហាមួយចំនួនដូចជាខ្វះទឹកនៅរដូវប្រាំង និងការលំបាកក្នុងការរកទីផ្សារសម្រាប់ផលិតផល។ ការចុះមករបស់ឯកឧត្តមថ្ងៃនេះ គឺពិតជាផ្តល់កម្លាំងចិត្ត និងក្ដីសង្ឃឹមយ៉ាងខ្លាំងដល់ពួកខ្ញុំ។

ចំណែកឯ លោក សៅ តំណាងកសិករនៅឃុំប្រាសាទវិញ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ចំពោះប្រព័ន្ធផ្លូវទឹកនៅក្នុងតំបន់របស់គាត់។ កន្លងមកប្រព័ន្ធផ្លូវទឹករបស់យើងមិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយ។ បើមានការជួយអន្តរាគមន៍ និងកែលម្អប្រព័ន្ធនេះ ពួកខ្ញុំនឹងអាចបង្កបង្កើនផលបានទាន់ពេលវេលា និងកាត់បន្ថយហានិភ័យពីគ្រោះរាំងស្ងួត។

សូមជម្រាបថា ដំណើរចុះពិនិត្យរបស់ឯកឧត្តម ឌិត ទីណា គឺជាការឆ្លើយតបយ៉ាងសកម្មទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាកសិករនៅមូលដ្ឋាន។ វត្តមានរបស់ឯកឧត្តមមិនត្រឹមតែបានផ្តល់នូវការណែនាំបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការលើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងវិស័យកសិកម្មឱ្យកាន់តែរីកចម្រើននាពេលអនាគត៕
ដោយ ឈុន សារ៉ាត





