ប្រជាពលរដ្ឋជាង៣០០០នាក់ទទួលបានការពិនិត្យព្យាបាលជំងឺពីក្រុមគ្រូពេទ្យសាធារណរដ្ឋកូរ៉េដោយឥតគិតថ្លៃតាមរយៈកម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន
AKP កំពង់ធំ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥-- ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ធំ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន បានពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការ និងក្រុមគ្រួសារនៅខេត្តកំពង់ធំដោយឥតគិតថ្លៃ តាមរយៈកម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជនក្រោមគំនិតផ្តួចផ្តើមដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មធិកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ។

ក្រុមគ្រូពេទ្យឯកទេសមកពីសាធារណរដ្ឋកូរ៉េបានពិនិត្យព្យាបាលជំងឺទូទៅជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះ ពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) និងចាក់ម្ជុលវិទ្យាសាស្ត្រ ព្រមទាំងបានពិនិត្យឈាម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សរុប៣២២៨នាក់ ដោយបានប្រើប្រាស់បរិក្ខារវេជ្ជសាស្រ្តទំនើប និងផ្តល់ឱសថដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ព្យាបាលប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព។

កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជនត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម សួស យ៉ារ៉ា តាំងពីឆ្នាំ២០១៣មក ដោយមានការគាំទ្រពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ និងការលើកកម្ពស់សុខភាពប្រជាជននៅកម្ពុជា តាមរយៈការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនិងការបរិច្ចាគនូវសម្ភារបរិកា្ខរពេទ្យ និងឱសថដល់មន្ទីរពេទ្យនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមបញ្ជាក់ថា ក្នុងកម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជនឆ្នាំនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ បានប្រគល់ជូននូវសម្ភារដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ រួមមាន៖ ឱសថ ម៉ាស៊ីនឆ្លុះអេកូ (Ultra Sound) ០១គ្រឿង ផ្តល់អាហារូបករណ៍សិក្សានៅប្រទេសកូរ៉េចំនួន១២នាក់ (គិលានុបដ្ឋាយិកា៦នាក់ វេជ្ជបណ្ឌិត៦នាក់) វែនតាម៉្ញូក១០០០គ្រឿង និងម៉ាស៊ីនត្រជាក់៤គ្រឿង៕


ដោយ ស៊ុម វណ្ណា





