អភិបាលស្រុកគិរីវង់ ចុះពិនិត្យការស្ដារប្រឡាយមេ១ខ្សែ ឆ្លងកាត់ឃុំតាអូរនិងឃុំព្រៃរំដេង
AKP តាកែវថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២៦--លោក ងួន ឌីណា អភិបាលនៃគណៈអភិ បាលស្រុកគិរីវង់ រួមជាមួយ សមាជិកក្រុមប្រឹក្សាស្រុកគិរីវង់ អភិបាលរងស្រុកគិរីវង់ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការដ្ឋានស្ដារប្រឡាយមេមួយខ្សែ ដែលមានសារៈសំខាន់បំផុតសម្រាប់វិស័យកសិកម្មក្នុងមូលដ្ឋាន។ប្រឡាយមេ១ខ្សែនេះមានប្រវែង២២៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិគ្រាំងតាមូងឃុំតាអូរ និងភូមិត្រពាំងពិដោរឃុំព្រៃរំដេង ស្រុកគិរីវង់ខេត្តតាកែវ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។
លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ បានបញ្ជាក់ថា ប្រឡាយមេដែលកំពុងដំណើរការស្ដារនេះ មានប្រវែងសរុបចំនួន២២៣០ម៉ែត្រ ដែលស្ថិតនៅតាមបណ្ដោយព្រំប្រទល់រវាងឃុំតាអូរ និងឃុំព្រៃរំដេង ស្រុកគិរីវង់ខេត្តតាកែវ។ បន្ទាប់ពីស្ដាររួចរាល់ ប្រឡាយនេះនឹងមានសមត្ថភាពនាំទឹកទៅស្រោចស្រពដីស្រែរបស់បងប្អូនប្រជាពលរដ្ឋ បានប្រមាណជាង ៩០០ហិកតា។ក្រៅពីតួនាទីផ្ដល់ទឹកសម្រាប់បង្កបង្កើនផលស្រូវ ប្រឡាយខ្សែនេះក៏ជាយន្តការដ៏សំខាន់ក្នុងការជួយរំដោះទឹក ដើម្បីការពារការជន់លិចភូមិកររបស់បងប្អូនប្រជាពលរដ្ឋ និងផលដំណាំដែលធ្លាប់ជាបញ្ហាប្រឈមនាពេលកន្លងមក។

លោក ងួន ឌីណា ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលផលផ្ទាល់ ត្រូវចូលរួមសហការគ្នាថែរក្សាសមិទ្ធផលនេះ ឱ្យបានល្អ ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង ក្នុងការជំរុញទិន្នផលកសិកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
លោកអភិបាលស្រុកគិរីវង់ ងួន ឌីណា បានមានប្រសាសន៍បន្ថែមថា សមិទ្ធផលនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលស្រុកគិរីវង់ ក្នុងការដោះស្រាយបញ្ហាទឹកដែលជាតម្រូវការចាំបាច់បំផុតរបស់ប្រជាកសិករ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យកសិកម្មរបស់រាជរដ្ឋាភិបាល។ការស្ដារប្រឡាយនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់បងប្អូនប្រជាកសិករ ក្នុងការធានាបានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ លើផ្ទៃដីបង្ក បង្កើ នផលស្រូវ និងសម្រាប់ដោះស្រាយបញ្ហាប្រឈម រំដោះទឹកជំនន់ជន់លិចនារដូវវស្សាផងដែរ។ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ គឺជាការលើកកម្ពស់ជីវភាព និងបង្កើនទិន្នផលស្រូវក្នុងតំបន់ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

ដោយ៖អ៊ុច សៀង





