រដ្ឋាភិបាល សម្រេចហាមឃាត់ក្រុមហ៊ុនផលិតគ្រឿងស្រវឹង និងភេសជ្ជៈផ្តល់រង្វាន់ ចាប់ពីថ្ងៃទី១ ខែតុលា នេះតទៅ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦—រាជរដ្ឋាភិបាល បានសម្រេចហាមឃាត់ក្រុមហ៊ុនផលិតគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា ហាមឃាត់ការផ្តល់រង្វាន់ តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ភេសជ្ជៈមានជាតិស្ករ ជាពិសេសភេសជ្ជៈ ប៉ូវកម្លាំង ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦។
ជាមួយគ្នានេះ ពង្រឹងការប្រកួតប្រជែងដោយស្មើភាពគ្នា និងការលើកកម្ពស់អនុលោមភាពបន្ថែមទៀត ដោយបញ្ឈប់ ទាំងស្រុងនូវការផ្តល់រង្វាន់លើក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ ផលិតផលគ្រឿងស្រវឹង ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦។
ប្រភពដដែលបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ គ្រប់សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិត នូវគម្របផលិតផលភេសជ្ជៈមានជាតិស្ករ ដែលមានការផ្តល់រង្វាន់ទៀតឡើយ។
គួរបញ្ជាក់ដែរថា ការសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីវិធានការដើម្បីគ្រប់គ្រងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក គឺអនុលោមតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី។
ដោយ៖ ស្រីពេជ្រ





