ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញពិនិត្យមណ្ឌលសុខភាព តក្តវិទ និងប៉ុស្តិ៍សុខភាពក្នុងស្រុកកំពង់សិលា
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមណ្ឌលសុខភាព តក្តវិទ ស្ថិតនៅឃុំកំពង់សិលា និងប៉ុស្តិ៍សុខភាព អាយុយឺនយូរ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥។

លោកស្រី ទូច ច័ន្ទដារ៉ា ប្រធានមណ្ឌលសុខភាព តក្តវិទ បានឱ្យដឹងថា មណ្ឌលសុខភាពមានបុគ្គលិកចំនួន១១នាក់ ស្រី៦នាក់ ក្នុងនោះបុគ្គលិកពេញសិទ្ធិ៩នាក់ និងបុគ្គលិកស្ម័គ្រចិត្ត និងអ្នក បើកបរ២នាក់។ មណ្ឌលសុខភាពមានបន្ទប់ដូចជា ផ្នែកសម្ភព វះកាត់តូច បន្ទប់ការិយាល័យ ឃ្លាំងជាដើម។ ចំពោះមណ្ឌលសុខភាព តក្កវិទ ប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាល ដោយធ្វើការពិគ្រោះជំងឺ ចំពោះការស្នាក់នៅពុំមាននោះទេ ក៏ប៉ុន្តែស្នាក់នៅសម្រាប់តែស្រ្តីចូលមកឆ្លងទន្លេតែប៉ុណ្ណោះ ចំពោះជំងឺផ្សេងទៀតមិនបានចូលមកសម្រាកនោះទេ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានអញ្ជើញពិនិត្យបន្ទប់បម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាព តក្កវិទ និងប៉ុស្តិ៍សុខភាព អាយុយឺនយូរ ស្ថិតនៅស្រុកកំពង់សិលា ដោយបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីសុខាភិបាលមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងពីរ ដែលបានយកចិត្តទុកដាក់បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវ: និងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនោះយើងត្រូវមានក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវការចាំបាច់នូវសេវាសុខាភិបាលដែលនៅជិត។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាអាជ្ញាធរស្រុក បន្តយកចិត្តទុកដាក់កែលម្អអនាម័យ បរិស្ថាន សោភ័ណភាពមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងពីរខាងលើ ដោយរៀបចំសួនច្បារឱ្យមានសោភ័ណភាព និងមានអនាម័យបរិស្ថានកាន់តែល្អបន្ថែមទៀត ដើម្បីចូលរួមប្រឡងប្រណាំងអង្គភាពបម្រើសេវាគំរូរបស់ក្រសួងមុខងារសាធារណៈ ដែលឆ្នាំកន្លងមក មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុទទួលបានចំណាត់ថ្នាក់លេខ៧ នៅទូទាំងប្រទេស៕

ដោយ ងូ សុមុនី





