រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋឱ្យមានការងារធ្វើ ដើម្បីបង្កើនជីវភាពគ្រួសារ
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥--រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋឱ្យមានការងារធ្វើ ដើម្បីបង្កើនជីវភាពគ្រួសារ និងដោះស្រាយបញ្ហាសុខភាព។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាល និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុឧបត្ថម្ភជូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃក្នុងស្រុកកំពង់សិលា ចំនួន១២នាក់ កាលពីរសៀលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្តបានធ្វើការពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃនាពេលនេះ។ ទន្ទឹមនោះរាជរដ្ឋាភិបាលក៏បានគិតគូរបណ្តុះបណ្តាលវិជ្ជាជីវ:ដល់យុវជននៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលសាលារដ្ឋ និងសាលាបណ្តុះបណ្តាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយការចូលរៀនបច្ចេកទេសក្នុងសាលាបណ្តុះបណ្តាល រាជរដ្ឋាភិបាលនឹងផ្តល់ថវិកាក្នុងមួយខែ ២៨ម៉ឺនរៀលបន្ថែមទៀតផង ព្រោះដើម្បីបង្កើនជំនាញវិជ្ជាជីវ:ដល់យុវជនរបស់យើង ស្របទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ដែលទាមទារឱ្យយុវជនរបស់យើងមានចំណេះដឹង ជំនាញ និងបំណិនជីវិតគ្រប់គ្នា ស្របទៅនឹងបច្ចេកទេសទីផ្សារ កាលណាយើងមានជំនាញបច្ចេកទេសយើងងាយស្រួលនឹងរកការងារធ្វើ និងទទួលបានប្រាក់ខែកាន់តែច្រើនថែមទៀតផង។

ឯកឧត្តមបានបញ្ជាក់ថា ខេត្តព្រះសីហនុមានការងារជាង៦០០០កន្លែង នៅរង់ចាំទទួលបងប្អូនទាំងអស់គ្នា ទន្ទឹមនោះរដ្ឋបាលខេត្តចង់ឱ្យបងប្អូនងាកមកធ្វើនៅក្នុងស្រុកនៅតាមរោងចក្រ សហគ្រាស ព្រោះយើងកំពុងខ្វះកម្លាំងពលកម្មបម្រើការងារនៅតាមបណ្តារោងចក្រ រដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្ត ក្រុង ស្រុក បានត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ដល់ពលករខ្មែរវិលមកពីប្រទេសថៃ ចូលបម្រើការងារនៅតាមរោងចក្រតាមរយ:កញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គម។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវរបបសន្តិសុខសង្គម ប្រាក់សោធមននិវត្តន៍ជូនដល់បុគ្គលិក កម្មករដែលបម្រើការងារនៅតាមរោងចក្រ សហគ្រាសទទួលបាននូវអត្ថប្រយោជន៍៣យ៉ាង គឺ ១.អត្ថប្រយោជន៍ផ្នែកសុខភាព ២.អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ និង៣.ប្រាក់សោធននិវត្តន៍ ហើយកម្មករ និយោជិតទាំងអស់ទទួលបានអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍គ្រប់ៗគ្នាដូចមន្ត្រីរាជការ។ ប្រសិនបើយើងធ្វើការនៅប្រទេសថៃពេលមានកម្លាំងទទួលបានប្រាក់ខែ ក៏ប៉ុន្តែនៅពេលយើងចាស់ គឺមិនទទួលបានប្រាក់ខែ និងប្រាក់សោធននិវត្តន៍ដូចនៅកម្ពុជានោះទេ។ ទន្ទឹមនោះ រាជរដ្ឋាភិបាលទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា ដើម្បីបង្កើតការងារ ជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

ឯកឧត្តមបានបន្តទៀតថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ កម្មវិធីពិសេសផ្តល់អត្ថប្រយោជន៍ជូនដល់និយោជិត កម្មករនូវប្រាក់សោធននិវត្តន៍ បណ្ណ ប.ស.ស និងបណ្ណសមធម៌ចំពោះប្រជាពលរដ្ឋក្រីក្រ ពេលមានជំងឺអាចទៅទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃ ដោយឡែកចំពោះស្រ្តីមានផ្ទៃពោះទៅពិនិត្យសុខភាពរហូតកុមារអាយុ២ឆ្នាំ មានរយ:ពេល១៤ដង គឺពិនិត្យផ្ទៃពោះម្តងទទួលបានថវិកា៨ម៉ឺនរៀល ហើយកម្មវិធីនេះ គឺចង់ឱ្យទារក ឬកុមារកើតមកមានសុខភាពល្អ កាយសម្បទាមាំមួន។ ឯកឧត្តមសង្ឃឹមថា បងប្អូនពលកររបស់យើងនឹងទទួលបានការងារធ្វើគ្រប់ៗគ្នានៅពេលខាងមុខដោយមានការសម្របសម្រួលពី អាជ្ញាធរក្រុង ស្រុក ក៏ដូចជាមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុឧបត្ថមជូនពលករវិលពីប្រទេសថៃចំនួន១២នាក់ ដោយក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ឃីតមួយកញ្ចប់ (ក្រមា១ សារុង១ មុង១ ភួយ១) កន្ទេល១ សាច់ក្រក១កញ្ចប់ និងថវិកា១០ម៉ឺនរៀល៕
ដោយ ងូ សុមុនី





